(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយខណ្ឌមានជ័យ បានអំពាវនាវឲ្យសមាជិកគណបក្សប្រជាជនកម្ពុជា ប្រចាំនៅមូលដ្ឋាន ត្រូវពង្រឹងសកម្មភាព ការងារជួយប្រជាពលរដ្ឋឲ្យខ្លាំងក្លាជាងអាណត្តិមុន។
ជាមួយគ្នានោះ លោក ប៉ា សុជាតិវង្ស ក៏បានអំពាវនាវឲ្យសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ខណ្ឌមានជ័យទាំងអស់ បន្តយកចិត្តទុកដាក់លើសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ឲ្យទទួលបានភាពកក់ក្តៅជាងអាណត្តិមុន ដើម្បីឲ្យប្រជាពលរដ្ឋ កាន់តែមានទំនុកចិត្តមកលើគណបក្សប្រជាជនកម្ពុជា សម្រាប់អាណត្តិថ្មីនេះ។
ការលើកឡើងរបស់ លោក ប៉ា សុជាតិវង្ស បានធ្វើឡើងខណៈលោក អញ្ជើញចូលរួមពីធីបូកសរុបលទ្ធផលការងារ បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ និងពិសារអាហារសាមគ្គីអបអរសាទរជ័យជំនះ គណបក្សប្រជាជនកម្ពុជា នៅមណ្ឌលកំសាន្តម៉ូឌែន២ តាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨។
នៅក្នុងពិធីសំណេះសំណាលនោះ ក៏មានការចូលរួមពី លោក ពេជ្រ កែវមុនី ប្រធានក្រុមការងារចុះជួយសង្កាត់ស្ទឹងមានជ័យទី២ លោកស្រី ទាវ ធីតា អនុប្រធានទី១ ក្រុមការងារចុះជួយ សង្កាត់ស្ទឹងមានជ័យទី២ និងក្រុមការងារពង្រឹងខណ្ឌមានជ័យ ប្រមាណ៥០០នាក់ទៀតផងដែរ។
លោក ប៉ា សុជាតិវង្ស បានលើកអរគុណដល់សមាជិកគណបក្សទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ បានយ៉ាងល្អកាលពីអាណត្តិមុនហើយសង្ឃឹមថា សមាជិកទាំងអស់នឹងបន្តការងាររបស់ខ្លួនបន្ថែមទៀតនៅអាណត្តិថ្មីនេះ ឲ្យបានកាន់តែប្រសើរ និងខ្លាំងក្លាទៀត។
ជាមួយគ្នានេះ លោក ប៉ា សុជាតិវង្ស បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សានូវសមិទ្ធផល ដែលកម្ពុជាទទួលបាននាពេលនេះ ពិសេសចូលរួមថែរក្សាឲ្យបាននូវសន្តិភាព សម្រាប់សង្គមជាតិទាំងមូល ដើម្បីឲ្យរាជរដ្ឋាភិបាល កាន់តែមានឱកាសអភិវឌ្ឍ ប្រទេសជាតិជាបន្ត ចំណែកប្រជាពលរដ្ឋកាន់អាចមានលទ្ធភាពធ្វើឲ្យជីវភាពប្រសើរឡើង និងរស់ប្រកបដោយសុភមង្គល៕