(សៀមរាប)៖ អ្វីដែលមហាជនហាក់កំពុងមានមន្ទិលសង្ស័យ រឿងយុវតីម្នាក់ចងកសម្លាប់ខ្លួន នៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ហើយគេអះអាងថា ស្លាប់ដោយសារតូចរឿងប្រឡងធ្លាក់នោះ, នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ ម្ដាយរបស់យុវតីរងគ្រោះ បានចេញបញ្ជាក់ការពិតថា កូនស្រីរបស់គាត់បានចងកសម្លាប់ខ្លួន ដោយសារមានវិបត្តិគ្រួសារ មិនមែនរឿងប្រឡងធ្លាក់ទេ។
ម្ដាយរបស់ជនរងគ្រោះបានបញ្ជាក់ថា កូនស្រីរបស់គាត់ បានយកក្រម៉ាចងកនៅក្នុងបន្ទប់ កាលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ ពោលមានរយៈពេលជាង៣ខែហើយ មិនមែនទើបតែស្លាប់ ក្រោយការប្រកាសលទ្ធផលប្រឡងបាក់ឌុបនោះទេ ដូច្នេះសូមអ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook កុំបន្ដចែកចាយ ព័ត៌មានមិនពិតនេះ ដែលនាំឲ្យព្រលឹងកូនរបស់គាត់វិលវល់ ទៅមិនបានស្ងប់សុខ។
ជាមួយគ្នានេះ បងស្រីបង្កើតរបស់ជនរងគ្រោះក៏បានបញ្ជាក់ឲ្យដឹងផងដែរថា «ខ្ញុំសូមសំណូមពរដល់អ្នកដែលចុះផ្សាយព័ត៌មានទាំងអស់ សូមបញ្ឈប់ទៅ ព្រោះប្អូនស្រីរបស់ខ្ញុំបានស្លាប់យូរហើយ។ វាអត់មានពាក់ព័ន្ធនឹងការប្រឡងបាក់ឌុបអ្វីទាំងអស់ ហើយសូមអ្នកសារព័ត៌មានឈប់ចុះបន្ដទៀតទៅ សូមឲ្យវិញ្ញាណក្ខន្ធគាត់ទៅឲ្យបានសុខ កុំយកមកកកាយរឿងនេះបន្ដទៀត»។
ក្រុមគ្រួសារជនរងគ្រោះ បានបន្ថែមថា ការយករូបភាពនេះទៅបង្ហោះ ហើយដាក់ជាមួយខ្លឹមសារដែលមិនពិត គឺពិតជាធ្វើឲ្យប៉ះពាល់ដល់កិត្តិយស ក្រុមគ្រួសាររបស់គាត់ខ្លាំងណាស់។ ដោយឡែក ជនរងគ្រោះក៏បានឈប់រៀន និងរៀបការរួចរាល់ហើយដែរ តាំងអំឡុងខែមេសា ឆ្នាំ២០១៨ម្ល៉េះ។
ពាក់ព័ន្ធករណីនេះ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប តាមរយៈបណ្តាញព័ត៌មាន Fresh News បានបដិសេធចោលទាំងស្រុងចំពោះ ការលើកយកហេតុផលនេះ មកផ្សព្វផ្សាយ និងចែកចោទប្រកាន់គ្មានមូលដ្ឋាន។ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាក់ថា ករណីនេះគឺកើតឡើងដោយសារជនរងគ្រោះ តូចចិត្តខ្លួនឯង និងមានវិបត្តិក្នុងគ្រួសារមិនមែនមកពីការប្រឡងធ្លាក់បាក់ឌុបឡើយ។
ស្នងការនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង បានថ្លែងថា «ដើម្បីបញ្ចៀសការយលច្រឡំ ខ្ញុំបាទសូមបញ្ជាក់ជូនឲ្យបានដឹងថា យុវតីដែលធ្វើអត្តឃាតខ្លួនឯងនេះ ឈ្មោះ ចិត្រ ម៉ាឡា អាយុ១៥ឆ្នាំ បានសម្រេចចិត្តធ្វើអត្តឃាត ចងកដោយក្រម៉ានៅក្នុងបន្ទប់របស់ខ្លួន កាលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១២ថ្ងៃត្រង់មកម្ល៉េះ នៅក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ដោយសារមានបញ្ហានៅក្នុងគ្រួសារបន្តិចបន្តួច ហើយក៏សម្រេចចិត្តយកក្រម៉ាចងកសម្លាប់ខ្លួនឯង ដោយគ្មានក្រុមគ្រួសារណាម្នាក់ដឹងឡើយ»។
បើតាមលោកឧត្តមសេនីយ៍សុ្នងការ លុះដល់ប្អូនប្រុសបង្កើតរបស់ជនរងគ្រោះ ទៅហៅជនរងគ្រោះឲ្យចេញមកហូបបាយ តែជនរងគ្រោះមិនឆ្លើយ ដោយមានការសង្ស័យ ប្អូនប្រុសបង្កើតរូបនោះ ក៏បានរុញទ្វារហើយឃើញ បងស្រីរបស់ខ្លួន បានធ្វើអត្តឃាតស្លាប់បាត់ទៅ ហើយប្អូនប្រុសជនរងគ្រោះ ក៏រត់មកស្រែក ហៅម្តាយឲ្យទៅមើលពេលទៅដល់ ម្តាយជនរងគ្រោះ ក៏ឃើញកូនស្រីរបស់គាត់បានស្លាប់បាត់ទៅហើយផងដែរ។
លោកឧត្តមសេនីយ៍ស្នងការ បានសង្កត់ធ្ងន់ទៀតថា ការយកសាច់រឿងនេះ មកបង្ហាញជូនជាថ្មីម្តងទៀត ក៏ព្រោះតែប៉ុន្មានថ្ងៃមកនេះ ឃើញមានការយករូបថតសពយុវតីខាងលើ មកផ្សពផ្សាយ ដោយភ្ជាប់ សាច់រឿងជាមួយការប្រឡងធ្លាក់ និងកំហុសបច្ចេកទេសរបស់ក្រសួងអបរំ ដើម្បីបញ្ចៀសការយល់ច្រឡំតែប៉ុណ្ណោះ៕