(ណាននីង-ចិន)៖ ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ​បានអញ្ជើញសម្ពោធស្ដង់ផលិតផលខ្មែរក្នុងឱកាស «ពិព័រណ៍ចិន-អាស៊ាន លើកទី១៥» នៅទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋ​ប្រជាមានិតចិន ដែលមានស្ដង់ទំនិញ​ចំនួន១៤៥ស្ដង់។

ក្នុងពិធីនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានទស្សនាស្ដង់ផលិតផល​កម្ពុជាជាច្រើន និងលើកទឹកចិត្តឲ្យក្រុមហ៊ុនខ្មែរ​ទាំងនោះ ខិតខំបង្ហាញ និងលក់ផលិតផល​កម្ពុជាឲ្យបានច្រើននៅប្រទេសចិន ដើម្បីសម្រេចបានការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងកម្ពុជា-ចិន ឲ្យបាន៦,០០០លានដុល្លារ នៅឆ្នាំ២០២០​ខាងមុខនេះ។

ក្នុងពិធីពិព័រណ៍នោះ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានទស្សនាការដាក់តាំងបង្ហាញរបស់តំបន់​សេដ្ឋកិច្ចពិសេសរបស់ចិន នៅខេត្ដព្រះសីហនុ ដែលសព្វថ្ងៃមានជាង១២០រោងចក្រ និងក្រុមហ៊ុន​កំពុងដំណើរការយ៉ាងសកម្ម និងមានកម្មករខ្មែរយើងជាង២ម៉ឺននាក់។ ទន្ទឹមនឹងនោះ លោកបានទស្សនាការតាំងបង្ហាញតំបន់សេដ្ឋកិច្ច ពិសេសនៅស្ទឹងហាវ ខេត្ដព្រះសីហនុ ដែលភាគីចិនសហការជាមួយខ្មែរយើងវិនិយោគថវិកា ជាង១០ពាន់លានដុល្លារ។

នៅល្ងាចថ្ងៃដដែលនោះ ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បានទទួលជួបលោកស្រី អ៊ូ សុងឆុង (Wu Zhongqiong) អភិបាលរងខេត្តជាំងស៊ី ដែលមានប្រជាជន ចំនួន៤៦លាននាក់ បានអញ្ជើញលោកទៅទស្សនកិច្ច នៅខេត្ដជាំងស៊ី។

លោកស្រី អ៊ូ សុងឆុង បានថ្លែងថា ខេត្តជាំងស៊ី ចង់មានកិច្ចសហប្រតិបត្ដិការវិស័យទេសចរណ៍ជាមួយកម្ពុជា ដើម្បីឲ្យទេសចរណ៍ចិននៅខេត្ដជាំងស៊ី មកទស្សនា​កម្ពុជាឲ្យបានច្រើន ព្រមទាំងចង់ឲ្យមានការផ្លាស់ប្ដូរពាណិជ្ជកម្មជាមួយកម្ពុជា ជាពិសេសចង់​ទិញកសិផល​ពីកម្ពុជា។

បន្ថែមពីនេះ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានស្វាគមន៍យ៉ាងកក់ក្ដៅនូវបំណងរបស់ខេត្ដ​ជាំងស៊ីនេះ ហើយក្នុងពេលដែលកម្ពុជា កំពុងរកទីផ្សារលក់កសិផលកម្ពុជា ព្រមទាំងជំរុញទេសចរចិន​មកកម្ពុជាឲ្យបានច្រើន។ ឧបនាយករដ្ឋមន្ត្រី ក៏សំណូមពរឲ្យមានការហោះហើរ ត្រង់ពីខេត្ដជាំងស៊ីមកកម្ពុជា ដើម្បីផ្លាស់ប្ដូរទេចរចិនមកទស្សនាកម្ពុជាឲ្យបានច្រើន និងឲ្យមានការវិនិយោគចិននៅខេត្តជាំងស៊ី មកវិនិយោគនៅកម្ពុជាឲ្យបានច្រើន។

ក្នុងឱកាសនោះដែរ លោក ហោ ណាំហុង​ ក៏បានជម្រាបលោកស្រី Wu Zhongqiong អភិបាលរងខេត្តជាំងស៊ី អំពីទំនាក់ទំនងពិសេសរវាងប្រទេសយើងទាំងពីរ ដែលបានកើនឡើងដល់ភាពជាដៃគូយុទ្ធសាស្រ្ដគ្រប់ជ្រុងជ្រោយ៕