(ភ្នំពេញ)៖ លោក ប៉ែន ស៊ាប អនុប្រធានគណបក្សអំណាចខ្មែរ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ បានធ្វើលិខិតមួយដាក់ជូនសម្តេចក្រហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីឱ្យកោះហៅ លោក សួង សុភ័ណ្ឌ ទៅសួរនោះ ដោយលោកចោទថា លោក សួង សុភណ្ឌ បានបន្លំរបាយការណ៍ថា រូបលោកបានលាលែងពីតំណែង។
លិខិតរបស់លោក ប៉ែន ស៊ាប បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំ មិនដែលធ្វើការលាលែងចេញពីតួនាទីណាមួយ ពីគណបក្សអំណាចខ្មែរ ដែលបង្កើត និងដឹកនាំដោយ លោក សួន សេរីរដ្ឋា នោះទេ។ ព្រោះការចូលរួមធ្វើនយោបាយ គឺជាឆន្ទៈរបស់ខ្ញុំ ដើម្បីជួយប្រទេសជាតិ និងប្រជាពលរដ្ឋជនរួមជាតិខ្មែរ ក្នុងនាមជាកូនខ្មែរ»។
លោក ប៉ែន ស៊ាប បានអះអាងទៀតថា «តែថ្មីៗនេះ ស្រាប់តែលេចឃើញលិខិតរបស់ក្រសួងមហាផ្ទៃ ទទួលស្គាល់អនុប្រធាន គណបក្សអំណាចខ្មែរ២រូបថ្មី តាមសំណើរបស់ លោក សួង សុភ័ណ្ឌ ក្រោមហេតុផលថា អនុប្រធានទាំង២រូប បានលាលែង ដែលការពិត ខ្ញុំ ប៉ែន ស៊ាប ជាអនុប្រធានទី១នេះ មិនដែលបានធ្វើលិខិតលាលែងណាមួយទេ»។
លោកចាត់ទុកថា ការសរសេររបាយការណ៍របស់ លោក សួង សុភ័ណ្ឌ ទៅក្រសួងមហាផ្ទៃអំពីសមាជ និងអំពីការលាលែងរបស់អនុប្រធានបក្ស គឺជាការកុហកក្រសួងមហាផ្ទៃ ក្លែងបន្លំឯកសារ និងប្រើប្រាស់ឯកសារក្លែង ដើម្បីឡើងធ្វើជាប្រធានបក្ស និងបង្កើតបក្ខពួក បំបែកបំបាក់ផ្ទៃក្នុងគណបក្ស ខុសពីច្បាប់លក្ខន្តិកៈដើមរបស់ គណបក្សអំណាចខ្មែរ»។
សូមបញ្ជាក់ថា លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ នាថ្មីៗនេះ ក៏បានចោទលោក សួង សោភ័ណ្ឌថា បានធ្វើលិខិតក្លែងក្លាយ និងបង្ខំសមាជិកគណបក្សឱ្យចុះហត្ថលេខាព្រមទទួលស្គាល់លើលិខិតនេះ ដើម្បីគ្រប់គ្រងគណបក្សអំណាចខ្មែរទាំងមូលតែម្តងឯងផងដែរ៕
ខាងក្រោមនេះជាលិខិតរបស់ លោក ប៉ែន ស៊ាប អនុប្រធានគណបក្សអំណាចខ្មែរ៖