(ចិន)៖ និយ័តករចិនជាច្រើន នឹងចាប់ផ្តើមធ្វើយុទ្ធនាការត្រួតពិនិត្យសុវត្ថិភាពថ្នាក់ជាតិមួយ ទៅលើសេវាហៅតាក់ស៊ី ដោយសារគេបារម្ភថា សេវាដែលប្រើអ៊ីនធើណេតជាគោលនេះ អាចបង្កើតជាគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ ជាជាងធ្វើឱ្យជីវិតកាន់តែងាយស្រួល។ ក្តីបារម្ភនេះ បានកើតមានឡើង ក្រោយពីមានករណីថ្មីៗនេះ ដែលអតិថិជនជានារី២នាក់ ត្រូវអ្នកបើកឡានតាក់ស៊ី រំលោភនិងសម្លាប់។
ក្រសួងដឹកជញ្ជូន និង ក្រសួងសន្តិសុខសាធារណៈរបស់ប្រទេសចិន កាលពីថ្ងៃច័ន្ទកន្លងទៅ បានប្រកាសរួមគ្នាថានឹងធ្វើយុទ្ធនាការមួយ ដែលមានបំណងចង់បង្ក្រាបសកម្មភាពខុសច្បាប់ទាំងឡាយ ដែលកើតមានក្នុងសេវាហៅឡានតាក់ស៊ី។ យុទ្ធនាការនេះ នឹងត្រូវចាប់ផ្តើមអនុវត្តភ្លាមៗ ហើយនឹងមានសុពលភាពរហូតដល់ដំណាច់ឆ្នាំនេះ។
ភាគីពាក់ព័ន្ធនឹងត្រូវខិតខំបន្ថែមទៀតដើម្បីពង្រឹងការងារពាក់ព័ន្ធនឹងការការពារភាពឯកជនរបស់អ្នកជិះតាក់ស៊ី ចាត់វិធានការឱ្យកាន់តែតឹងរឹងទៅលើអ្នកបើកបរឡានតាក់ស៊ីទាំងឡាយដែលមានគេប្តឹង និងត្រូវចុះឆែករថយន្តនិងអ្នកបើកបរតាក់ស៊ីនៅតាមដងផ្លូវ ដោយមិនកំណត់។
ជាផ្នែកមួយនៃយុទ្ធនាការនេះ អាជ្ញាធរផ្នែកដឹកជញ្ជូននិងប៉ូលិសនៅមូលដ្ឋាន ត្រូវតែធានាថានឹងឆ្លើយតបឱ្យបានទាន់ពេលវេលា នៅពេលដែលមានបញ្ហាកើតឡើង ព្រមទាំងព្យាយាមបន្ថែមទៀតលើការងារពង្រឹងសន្តិសុខ ដូចជាត្រូវឆែកមើលប្រវត្តិរបស់អ្នកបើកបរឡានតាក់ស៊ី ឆែកមើលថាអ្នកបើកបរនោះមានការទទួលខុសត្រូវកម្រិតណាចំពោះមុខរបរបើកតាក់ស៊ីរបស់ខ្លួន ហើយក៏ត្រូវបង្កើតយន្តការថ្មីៗដែលកាន់តែមានប្រសិទ្ធភាព ដើម្បីដោះស្រាយពាក្យបណ្តឹង ការប្រកាសអាសន្ន និងការឆ្លើយតបឱ្យបានឆាប់រហ័ស។
ក្រុមហ៊ុនដែលផ្តល់សេវាហៅតាក់ស៊ីទាំងឡាយ នឹងត្រូវបានស្នើសុំឱ្យប្រើបច្ចេកវិទ្យាថ្មី ដើម្បីទប់ស្កាត់ហានិភ័យ។ បច្ចេកវិទ្យាថ្មីទាំងនោះមានដូចជា បច្ចេកវិទ្យាសម្គាល់មុខមនុស្សដើម្បីឆែកមើលពីអត្តសញ្ញាណរបស់អ្នកបើកបរ និងបច្ចេកវិទ្យាទិន្នន័យធំដើម្បីរកឱ្យឃើញសកម្មភាពគួរឱ្យសង្ស័យមួយចំនួន ដូចជាការបើកឡានខុសពីទិសដៅដែលអតិថិជនបានកំណត់ ឬក៏ការចតឡានចោលយូរ ខុសពីធម្មតា។
សេចក្តីប្រកាសដដែល ក៏បានទទូចឱ្យអាជ្ញាធរ ឆ្លើយតបឱ្យបានឆាប់រហ័សចំពោះបទល្មើស ព្រមទាំងស្នើសុំជំនួយផ្នែកបច្ចេកវិទ្យាពីក្រុមហ៊ុនទាំងឡាយដែលផ្តល់សេវាហៅឡានតាក់ស៊ី ដើម្បីជួយឱ្យប៉ូលិសអាចស៊ើបអង្កេតបទល្មើសបានកាន់តែល្អ។
អាជ្ញាធរចិនបានចាប់ផ្តើមរឹតបន្តឹងលើសេវាកម្មនេះ ដោយសារតែមានករណីរំលោភនិងសម្លាប់អ្នកជិះឡានតាក់ស៊ីជានារីចំនួន២នាក់ ដោយហេតុការណ៍ទាំងពីរបានកើតឡើងក្នុងរយៈពេលមិនដល់១០០ថ្ងៃផង ហើយនៅថ្ងៃកើតហេតុ ជនរងគ្រោះទាំងពីរនាក់ សុទ្ធតែបានប្រើកម្មវិធីហៅតាក់ស៊ី ទិទិ ឈូស៊ីង (Didi Chuxing) ជាក្រុមហ៊ុនផ្តល់សេវាហៅតាក់ស៊ីធំជាងគេបំផុត នៅក្នុងប្រទេសចិន។
ក្រុមហ៊ុន ទិទិ បានផ្អាកសេវាហៅតាក់ស៊ីនៅពេលយប់ជ្រៅរបស់ខ្លួន នៅចិនដីគោក និងបានប្រកាសអំពីចំណាត់ការបង្កើនសុវត្ថិភាពមួយចំនួន។ ក្នុងនោះ ក្រុមហ៊ុនបានបញ្ចូល ប៊ូតុងចុច ‘ប្តឹងប៉ូលិស’ ភ្លាមៗ នៅក្នុងកម្មវិធីហៅតាក់ស៊ីរបស់ខ្លួន៕