(ចិន)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមា ពូទីន បានអំពាវនាវឱ្យប្រទេសទាំងពីរ មានចំណងមិត្តភាពជាមួយគ្នាកាន់តែជិតស្និទ្ធ តាមរយៈសហប្រតិបត្តិការថ្នាក់ក្រោមជាតិ។
ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានថ្លែងយ៉ាងដូច្នេះនៅក្នុងអង្គប្រជុំតុមូលមួយ ស្តីអំពីសហប្រតិបត្តិការថ្នាក់តំបន់ រវាងប្រទេសចិននិងប្រទេសរុស្ស៊ី ដែលបានធ្វើឡើងនៅក្នុងវេទិកាសេដ្ឋកិច្ចលោកខាងកើត (Eastern Economic Forum) ដែលហៅកាត់ថា EEF នៅឯទីក្រុង វ្ល៉ាឌីវ៉ូស្តុក ដែលស្ថិតនៅចុងប៉ែកខាងកើតប្រទេសរុស្ស៊ី។
លោកប្រធានាធិបតីចិន បានមានប្រសាសន៍ថា សហប្រតិបត្តិការថ្នាក់ក្រោមជាតិ ដើរតួនាទីដ៏សំខាន់លើចំណងទ្វេភាគី ហើយសហប្រតិបត្តិការរវាងប្រទេសទាំងពីរ គួរតែពឹងផ្អែកលើធនធាន ដែលមាននៅក្នុងតំបន់មូលដ្ឋាន អនុវត្តនៅតំបន់មូលដ្ឋាន និងផ្តល់ប្រយោជន៍ដល់តំបន់មូលដ្ឋានទាំងនោះ។
លោក ស៊ី បានអំពាវនាវឱ្យមានការដោះដូរគ្នាទៅវិញទៅមកបន្ថែមទៀត រវាងប្រជាជននិងប្រជាជន រវាងវប្បធម៌និងវប្បធម៌ ដើម្បីឱ្យសាធារណៈជនទូទៅនៃប្រទេសទាំងពីរ អាចស្គាល់គ្នាបានកាន់តែស៊ីជម្រៅ និងបង្កើតបានជាគ្រឹះមួយនៅក្នុងសង្គម ដែលនឹងផ្តល់អំណោយផលដល់សហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោក ស៊ី ក៏បានទទូចឱ្យប្រទេសទាំងពីរ លើកស្ទួយដល់ការដោះដូរគ្នាទៅវិញទៅមក ជាលក្ខណៈស្ថាប័ន លើការងារផ្នែកវប្បធម៌ ទេសចរ អប់រំ និងសារព័ត៌មាន នៅកម្រិតថ្នាក់ក្រោមជាតិ ឱ្យបានទៀងទាត់។
លោកប្រធានាធិបតីរុស្ស៊ី ឯណោះវិញ ក៏បានគូសបញ្ជាក់ថា រដ្ឋាភិបាលរុស្ស៊ីស្វាគមន៍អ្នកជំនួញចិន ឱ្យមកវិនិយោគនៅក្នុងប្រទេសរុស្ស៊ី ហើយរដ្ឋាភិបាលរុស្ស៊ីមានឆន្ទៈចង់បន្តផ្តល់លក្ខខណ្ឌធ្វើអាជីវកម្មដ៏អំណោយផលដល់អ្នកជំនួញចិន ដើម្បីពង្រឹងសហប្រតិបត្តិការថ្នាក់ក្រោមជាតិ រវាងប្រទេសទាំងពីរ។
កិច្ចប្រជុំតុមូលនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំថ្នាក់ក្រោមជាតិរបស់ចិនមកពី៩តំបន់ និងថ្នាក់ដឹកនាំថ្នាក់ក្រោមជាតិរបស់រុស្ស៊ីមកពី១៣តំបន់ផងដែរ។
វេទិកាសេដ្ឋកិច្ចលោកខាងកើត បានចាប់ផ្តើមរៀបចំឡើងជាលើកដំបូង កាលពីឆ្នាំ២០១៥ ដោយសារមានការផ្តើមគំនិតដោយផ្ទាល់ពីលោកប្រធានាធិបតីរុស្ស៊ី ពូទីន។ ហើយលោកប្រធានាធិបតី ស៊ី គឺជាប្រធានាធិបតីចិនដំបូងគេបង្អស់ ដែលបានចូលរួមក្នុងវេទិកានេះ៕