Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រាក់យ័នរបស់ចិន នឹងអាចឱ្យគេជួញដូរបានកាន់តែទូលំទូលាយ (Video inside)

14-09-2018 16:36

(ចិន)៖ នៅពេលអនាគត ការទិញ និងលក់ប្រាក់យ័នរបស់ចិន នឹងអាចធ្វើឡើងបានកាន់តែទូលំទូលាយ ដោយសារប្រទេសចិនមានជំហររឹងមាំ ក្នុងការលើកស្ទួយតម្លាភាពហិរញ្ញវត្ថុ។ នេះបើយោងតាមធនាគារកណ្តាលរបស់ចិន កាលពីថ្ងៃសុក្រ កន្លងទៅ។

កាលពីដើមឆ្នាំនេះ ធនាគារកណ្តាលរបស់ប្រទេសចិន បានចេញសារលិខិតមួយ ដែលប្រកាសអំពីឆន្ទៈរបស់ប្រទេសចិន ដែលចង់គ្រប់គ្រងការទិញលក់ប្រាក់យ័ន ឬហៅជាផ្លូវការថា ប្រាក់ រឹនមឹនពិ (Renminbi) ឱ្យបានកាន់តែល្អជាងមុន។

សេចក្តីប្រកាសនេះ បានធ្វើឡើងដើម្បីឆ្លើយតបនឹងកំណើនតម្រូវការ ជួញដូរទំនិញ និងសេវាកម្មជាប្រាក់យ័ន កំណើនការប្រើប្រាស់ប្រាក់យ័ន ក្នុងទីផ្សារអន្តរជាតិ ក៏ដូចជាការខិតខំពង្រឹងតម្លាភាពហិរញ្ញវត្ថុជារួម របស់ប្រទេសចិនផងដែរ។

ធនាគារកណ្តាលរបស់ប្រទេសចិន បានរៀបរាប់នៅក្នុងលិខិតមួយ ដែលចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួនថា «ទីផ្សារត្រូវការឱ្យការទិញលក់ប្រាក់យ័ន មានភាពងាយស្រួល កាន់តែខ្លាំងឡើងជាលំដាប់»

បើយោងតាមសារលិខិតដដែលនោះ គេអាចប្រើប្រាក់យ័នលើសពីសម្រាប់ទិញលក់ទំនិញ ធ្វើពាណិជ្ជកម្ម និងសេវាកម្មទៅទៀត ដោយខុសពីពេលកន្លងមក។

ស្របពេលនេះដែរ គេក៏អាចប្រើប្រាក់យ័ន តាមគណនីប្រាក់ទុន សម្រាប់ទិញលក់ភាគហ៊ុន ដែលបានអនុម័តនៅក្រៅប្រទេសបានដែរ ដោយខុសពីពេលកន្លងមក ដែលគេអាចប្រើប្រាក់យ័នសម្រាប់តែវិស័យវិនិយោគដោយផ្ទាល់ពីបរទេសតែប៉ុណ្ណោះ។ នេះបើយោងតាមធនាគារកណ្តាលចិន។

សេចក្តីប្រកាសដដែលបានឱ្យដឹងទៀតថា «នៅពេលអនាគត ពេលដែលតម្លាភាពហិរញ្ញវត្ថុកាន់តែថ្លា ទំហំនៃប្រាក់វិនិយោគឆ្លងប្រទេស ដែលមានការអនុម័ត នឹងកើនឡើងជាបន្តទៀត ហើយទំហំនៃការទិញលក់ប្រាក់យ័ន នឹងកើនឡើងទៅតាមនោះ»

នាពេលបច្ចុប្បន្ន ភាគីនៅក្រៅប្រទេសដែលទិញលក់ប្រាក់យ័ន មានតែជាលក្ខណៈក្រុមហ៊ុន និងគ្រឹះស្ថានប៉ុណ្ណោះ ពោលគឺមិនទាន់មានជាលក្ខណៈវិនិយោគិនជាបុគ្គលនោះទេ។ នេះបើយោងតាមធនាគារកណ្តាលចិន។

បន្ទាប់ពីបានបង្កើនកូតាវិនិយោគ សម្រាប់កម្មវិធីតភ្ជាប់ផ្សារហ៊ុនសៀងហៃ-ហុងកុង និង ស៊ិនជិន-ហុងកុង ក្នុងឆ្នាំនេះរួចមក អាជ្ញាធរចិនកំពុងត្រៀមសម្ពោធកម្មវិធីតភ្ជាប់ផ្សារហ៊ុន សៀងហៃ-ឡុនដុន នៅក្នុងឆ្នាំនេះហើយ៕