(ភ្នំពេញ)៖ បន្ទាប់ពីវេទិកាការងារចប់រួចរាល់ ក៏មានយុវជនចំនួន៤៩នាក់ ដែលទទួលបានការងារជាប់ស្ថាពរ និង១៥៣នាក់ទៀតជាប់បឋម ពីបណ្តាលក្រុមហ៊ុន និងសហគ្រាសចំនួន១០ ដែលចូលរួមរៀបចំ កម្មវិធីវេទិកាការងារ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នៅទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
យុវជន ស៊ីវ រត្ត័នពិសី និស្សិតឆ្នាំទី២ នៃសាកលវិទ្យាល័យឯកទេស នៃកម្ពុជា ជំនាញធនាគារ ហិរញ្ញវត្ថុ បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនថា៖ «ខ្ញុំពិតជាមានសេចក្តីរំភើប និងរីករាយយ៉ាងខ្លាំង ដែលបានជួប ជាមួយនឹងក្រុមហ៊ុន ដែលខ្លួនឯងស្រលាញ់ ហើយអាចដាក់ពាក្យផ្ទាល់ និងសម្ភាសដោយផ្ទាល់ជាមួយតំណាងក្រុមហ៊ុន ជាពិសេសនោះ គឺខ្ញុំអាចជ្រើសរើសការងារ ដែលខ្លួនឯងពេញចិត្តទៀតផង»។
ប្អូនប្រុស ស៊ីវ រត្ត័នពិសី បានបន្ថែមទៀតថា៖ «កម្មវិធីនេះ បានធ្វើឲ្យគាត់មានភាពងាយស្រួលយ៉ាងច្រើន ក្នុងការស្វែងរកការងារធ្វើ ដោយមិនបាច់ធ្វើដំណើរទៅដល់ក្រុមហ៊ុន រឺស្វែងរកនៅក្នុងវេបសាយ ដូចកាលពីពេលមុន ហើយឥលូវនេះ ខ្ញុំបានសម្ភាសជាប់នៅក្រុមហ៊ុន Metfone ហើយ»។
ចំនែកឯ ប្អូនស្រី លឹម ហ៊ុយយ៉ុង និស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យប៊ែលធី ជំនាញ គ្រប់គ្រង ប្អូនស្រីក៏បានសម្តែងការរំភើបរីករាយ ពេលបានមកចូលរួមក្នុងកម្មវិធីវេទិកាការងារ កាលពីម្សិលមិញនេះ ប្អូនស្រី ចង់ឲ្យមានកម្មវិធីនេះ ជារៀងរាល់ខែ និងសូមឲ្យក្រុមហ៊ុនចូលរួមឲ្យបានច្រើន ដើម្បីផ្តល់នូវឱកាសការងារ និងកម្មសិក្សាជូនដល់សិស្ស/និស្សិត របស់យើងបន្ថែមទៀត។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនដែលចូលរួមសហការជាមួយ NEA ដើម្បីរៀបចំវេទិកាការងារកាលពីម្សិលមិញរួមមាន៖ ធនាគារ CIMB, ក្រុមហ៊ុន តែ អៀកហុង អិនធើប្រាយ, ក្រុមហ៊ុន Ming Wouy Group, ក្រុមហ៊ុន Worldbridge, ធនាគារកាណាឌីយ៉ា, ក្រុមហ៊ុន Opennet, ក្រុមហ៊ុន Seatel, ក្រុមហ៊ុន TH F&B, ក្រុមហ៊ុន ICE Eletronics និងក្រុមហ៊ុន Metfone។
សូមជម្រាបផងដែរថា សម្រាប់ថ្ងៃទី២៧ ខែកញ្ញា ខាងមុខនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងសហការជាមួយក្រុមហ៊ុន/សហគ្រាសធំៗចំនួន១០ និងផ្តល់នូវឱកាសការងារ ចំនួន១,៣៥២កន្លែង បន្ថែមទៀតសម្រាប់ចុងខែនេះ ក្នុងនោះ មានក្រុមហ៊ុន Online, ក្រុមហ៊ុន ផាកកាហ្វេ, ធនាគារ FTB, ក្រុមហ៊ុន Kong Nuon Group, ក្រុមហ៊ុន Yinkok Food Corp, ក្រុមហ៊ុន Nagaworld, ក្រុមហ៊ុន Smart, ក្រុមហ៊ុន ម៉ាស្ទ័រ ស៊ូគីស៊ុប, ក្រុមហ៊ុន Markro, ក្រុមហ៊ុន GFG Investment ។
ហេតុដូចនេះ សម្រាប់សិស្ស/និស្សិត និងអ្នកស្វែងរកការងារកុំភ្លេចរៀបចំ ប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមសម្ភាសការងារ ដោយផ្ទាល់ចាប់ពីម៉ោង០៨៖០០ព្រឹក ដល់ម៉ោង០៥៖០០ល្ងាច នៅទីភ្នាក់ងារជាតិមុខរបរ និងការងារ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័ររបស់ទីភ្នាក់ងារ ជាតិមុខរបរ និងការងារ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ដោយងាយស្រួល៕