(សៀមរាប)៖ មជ្ឈមណ្ឌលការងារខេត្តសៀមរាម រួមសហការជាមួយអាជ្ញាធរឃុំចាន់ស នឹងរៀបចំវេទិកាការងារប្រចាំខែកញ្ញា នៅថ្ងៃទី១៩ ខែកញ្ញា ខាងមុខនេះ ដែលមានការចូលរួមពីតំបន់សេដ្ឋកិច្ចពិសេសក្រុងភ្នំពេញ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK ខេត្តសៀមរាប, វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនខេត្តសៀមរាប, វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ដែលនាំមកនូវឱកាសការងារជិត៤០០កន្លែង ទៅតាមជំនាញផ្សេងៗគ្នា នឹងមានការផ្តល់ជូនអាហារូបករណ៍ចំនួន២០០នាក់ សម្រាប់សិស្សានុសិស្សទៀតផង។
កម្មវិធីនេះ ចាប់ផ្តើមពីម៉ោង០៧៖៣០នាទីព្រឹក រហូតដល់ម៉ោង១១៖៣០នាទីព្រឹក ដែលមានទីតាំងស្ថិតនៅ វត្តសន្លង ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ដូច្នេះសម្រាប់សិស្ស/និស្សិត អ្នកកំពុងស្វែងរកការងារធ្វើ និងអ្នកចង់បានអាហារូបករណ៍ ដើម្បីសិក្សាបន្ត កុំភ្លេចត្រៀមវត្តិរូបសង្ខេប (CV) ទៅចូលរួមទាំងអស់គ្នា។
លោក សៀង សុខុន ប្រធានមជ្ឈមណ្ឌលការងារខេត្តសៀមរាបបានឲ្យដឹងថា «នេះជាលើកទី៤ហើយ សម្រាប់ឆ្នាំ២០១៨ ដែលមជ្ឈមណ្ឌលការងារខេត្តសៀមរាប បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ដោយមានការចូលរួម ពីបណ្តាក្រុមហ៊ុន/សហគ្រាសរៀបចំ នូវវេទិកាការងារនេះឡើង ដើម្បីជួយដល់អ្នកដែលមិនទាន់មានការងារធ្វើ ជាពិសេសប្រជាពលរដ្ឋក្នុងខេត្តសៀមរាបផ្ទាល់ អាចទទួលបានការងារធ្វើ ប្រាក់ខែសមរម្យ និងមានឱកាស ទទួលបានអាហាររូបករណ៍ចូលរៀនវគ្គជំនាញបច្ចេកទេស ពីវិទ្យាស្ថានក្នុងខេត្តសៀមរាបថែមទៀតផង»។
លោក សៀង សុខុន បានបន្ថែមទៀតថា «ក្នុងឱកាសនេះ លោកក៏សូមអំពាវនាវដល់យុវជន អ្នកស្វែងរកការងារធ្វើ ក៏ដូចជាសិស្សានុសិស្ស ដែលចង់រៀនជំនាញបច្ចេកទេស សូមមកចូលរួមឲ្យបានច្រើនកុះករ ដើម្បីជួបជាមួយអ្នកតំណាងរបស់ក្រុមហ៊ុន ដើម្បីដាក់ពាក្យផ្ទាល់ សម្ភាសផ្ទាល់នៅនឹងកន្លែង ជាពិសេសឱកាសទទួលបានអាហារូបករណ៍ ពីសាលាបណ្តុះបណ្តាលបច្ចេកទេស នៅក្នុងខេត្តសៀមរាបតែម្តង»។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងារ ខេត្តសៀមរាប ដែលស្ថិតនៅក្នុងបរិវេណវិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែនសៀមរាប សង្កាត់ស្លក្រាម ក្រុងសៀមរាប ឬ តាមរយៈលេខទូរស័ព្ទ ០៦៣ ២១០ ២៧៧/០១៦ ៥៣៦ ៦៥៥ Email: [email protected]