(ភ្នំពេញ)៖ គណៈប្រតិភូស្ថាប័នគរុភ័ណ្ឌ ហ្សៃខ សឡេះ អាល់រ៉ុចហ៊ី អារ៉ាប៊ីសាអូឌីត ដឹកនាំដោយប្រធានការិយាល័យក្រុមប្រឹក្សាសាសនាឥស្លាម នៃស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ប្រចាំក្រុងបាងកក នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស។
តំណាងស្ថាប័នគរុភ័ណ្ឌ ហ្សៃខ សឡេះ អាល់រ៉ុចហ៊ី អារ៉ាប៊ីសាអូឌីត លោក បណ្ឌិត Abdullah Mohamed Al Yahya បានសម្តែងការកោតសរសើរ ពីគោលនយោបាយសុខដមបនីយកម្ម ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលដឹកនាំនាវាសន្តិភាព សុខដមបនីយកម្មនៅកម្ពុជា អស់រយៈពេលជាង៣ទស្សវត្ស បានប្រែក្លាយទៅជាប្រទេសដែលមានសេរីភាព សប្បូរសប្បាយ រីកចម្រើនរុងរឿង និងត្រូវបានកោតសរសើរនៅលើឆាកអន្តរជាតិ។
ក្នុងនាមគរុភ័ណ្ឌហ្សៃខ សឡេះ អាល់រ៉ុចហ៊ី លោករីករាយនឹងរួមសហការជាមួយថ្នាក់ដឹកនាំឥស្លាមនៅកម្ពុជា លើវិស័យគរុភ័ណ្ឌ ដើម្បីចូលរួមចំណែកបន្តការអភិវឌ្ឍន៍ វិស័យចាំបាច់នានាដែលរាជរដ្ឋាភិបាលកម្ពុជា មានតម្រូវការក្នុងការអភិវឌ្ឍន៍ប្រទេស និងសហគមន៍របស់ខ្លួន។
លោកសំណូមពរដល់ភាគីកម្ពុជា ដែលមានលោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ជាដៃគូរគិតគូរពីការបង្កើតឲ្យមានស្ថាប័នគរុភណ្ឌមួយនេះ ដោយស្របច្បាប់របស់រដ្ឋាភិបាលកម្ពុជា ដើម្បីសម្រួលដល់កិច្ចសហការជាវិជ្ជមានលើគម្រោងអភិវឌ្ឍន៍នានាជាបន្តទៅមុខ ព្រោះស្ថាប័នគរុភ័ណ្ឌ ហ្សៃខ សឡេះ អាល់រ៉ុចហ៊ី គឺជាលំដាប់គរុភ័ណ្ឌដែលឈរក្នុងចំណោមលំដាប់ គរុភ័ណ្ឌនានារបស់អារ៉ាំប៊ីសាអូឌីត ដែលមានដើមទុន និងគម្រោងធំៗជាច្រើន កំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមផ្តល់គម្រោងអភិវឌ្ឍន៍ផ្សេងៗរបស់រាជរដ្ឋាភិបាល អារ៉ាំប៊ីសាអូឌីត និងបណ្តាប្រទេសដៃគូរជាមិត្តផ្សេងៗ។
សម្រាប់កម្ពុជា ក៏ជាទិសដៅមួយដែលស្ថាប័នគរុភណ្ឌនេះ កំពុងផ្តោតការយកចិត្តទុកដាក់ និងរីករាយនឹងផ្តល់ជំនួយផ្សេងៗតាមតម្រូវការចាំបាច់។
បន្ទាប់ពីថ្លែងអំណរគុណដល់គណៈប្រតិភូ លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានវាយតម្លៃខ្ពស់ចំពោះគោលបំណងរបស់ភាគី ស្ថាប័នគរុភ័ណ្ឌ ហ្សៃខ សឡេះ អាល់រ៉ុចហ៊ី ដែលមើលឃើញ និងកោតសរសើរការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ហើយក្នុងនាមភាគីកម្ពុជា រីករាយសហការជាដៃគូ ដើម្បីទទួលអនុវត្តគម្រោងមនុស្សធម៌របស់ស្ថាប័នគរុភណ្ឌសាសនាមួយនេះ ឲ្យដំណើរការឆ្ពោះទៅមុខនៅកម្ពុជា ដើម្បីចូលរួមលើកស្ទួយអភិវឌ្ឍន៍ វិស័យចាំបាច់ផ្សេងៗ ជាពិសេសវិស័យអប់រំ និងវិស័យដទៃទៀត ដែលសហគមន៍ខ្មែរឥស្លាម នៅតែមានតម្រូវការដល់ភាគីគរុភ័ណ្ឌ ចូលរួម លើកស្ទួយ៕