(ភ្នំពេញ)៖ ដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្សដែលខិតខំសិក្សា និងជាសិស្សពូកែ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ សាលា ELT បានរៀបចំកម្មវិធីទស្សនកិច្ចសិក្សារបស់សិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ លើមុខវិជ្ជារួមមាន៖ ភាសាខ្មែរ, រូបវិទ្យា, គណិតវិទ្យា ឱ្យចេញទៅបំពេញទស្សនកិច្ចសិក្សានៅទីក្រុងក្រុងហុងកុង និងទីក្រុងម៉ាកាវ រយៈពេល៤យប់ ៥ថ្ងៃ នៃសាធារណរដ្ឋប្រជាមានិតចិន។

លោក ម៉ានី ពិសិដ្ឋ នាយកសាខា ELT ទួលគោក បានថ្លែងថា ការបំពេញទស្សនកិច្ចសិក្សានៅក្រៅប្រទេស គឺជាសិស្សពូកែទាំងអស់ ដែលបានឆ្លងកាត់ការប្រឡងដ៏តឹងរឹង និងស្វិតស្មាញរបស់សាលា។ ជាមួយគ្នានេះជារៀងរាល់ឆ្នាំសាលា ELT តែងតែរៀបចំការប្រកួតប្រជែងដើម្បីស្វែងរកសិស្សពូកែប្រចាំទាំង៣សាខាដើម្បីផ្តល់ជូនដំណើរសិក្សាដល់ពួកគាត់ផងដែរ។

ដំណើរទស្សនកិច្ចសិក្សាទៅកាន់ប្រទេសចិន និងហុងកុង របស់សិស្សឆ្នើម ELT ផ្នែកភាសាខ្មែរ គណិតវិទ្យា និងរូបវិទ្យា ប្រចាំឆ្នាំសិក្សា ២០១៧ - ២០១៨នេះ រួមមានទី១៖ មួន សីហបញ្ញា ផ្នែកគណិតវិទ្យា មកពីសាខាទួលគោក, ទី២៖ សុវណ្ណារ៉ា រ៉ាត់ឆានុន ផ្នែកអក្សរសិល្ប៍ខ្មែរ មកពីសាខខាទួលគោក, ទី៣៖ តៃ ស៊ីវម៉ី ផ្នែកអក្សរសិល្ប៍ខ្មែរ មកពីសាខាផ្សារកណ្តាល, ទី៤៖ សូ លីហ្សា ផ្នែកគណិតវិទ្យា មកពីសាខាផ្សារកណ្តាល, ៥៖ សារុន សុគន្ធវិសុទ្ធ ផ្នែករូបវិទ្យា មកពីសាខាទួលគោក និងទី៦៖ ជុក ប៉ាកច័ន្ទតារ៉ាវិចិត្រ ផ្នែករូបវិទ្យា មកពីសាខាទួលគោក។

គួរបញ្ជាក់ដែរថា សាលាបឋមសិក្សា និងមធ្យមសិក្សា អ៊ី អិល ធី ជាស្ថាប័នមួយនៃក្រុមហ៊ុន អ៊ី អិល ធី អេឌ្យូខេសិន ដែលបានបើកដំណើរការតាំងពីឆ្នាំ១៩៩៤ និងត្រូវបានទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា និងមានភាពជាដៃគូសហការណ៍ជាមួយសាលានាបណ្តាលប្រទេសជាច្រើន។

ក្រោមបទពិសោធន៍ជាង២៤ឆ្នាំ សាលាបឋមសិក្សា និងមធ្យមសិក្សា អ៊ី អិល ធី មានកម្មវិធីសិក្សាបែបជាតិ និងអន្តរជាតិ ចាប់ពីថ្នាក់មត្ដេយ្យរហូត ដល់ថ្នាក់ទី១២ រួមជាមួយលោកគ្រូ អ្នកគ្រូ ដែលមានគរុកោសល្យ និងបទពិសោធន៍ខ្ពស់ ព្រមទាំងបន្ទប់សិក្សា និងបន្ទប់ពិសោធន៍បំពាក់ ដោយគ្រឿងបរិក្ខារទំនើបៗ ងាយស្រួលក្នុងការសិក្សាប្រកបដោយផាសុកភាព។ សិក្សានៅ ELT School សិស្សានុសិស្សនឹងទទួលបាន ចំណេះដឹង៣ភាសា និងសញ្ញាបត្រ៣ ក្នុងពេលតែមួយ។ ភាពជោគជ័យរបស់សិស្សានុសិស្ស និងការពេញចិត្តរបស់អ្នកអាណាព្យាបាល ជាកាតព្វកិច្ច និងសេវាកម្មរបស់ ELT School៕