(ភ្នំពេញ)៖ ខណៈដែលប្រទេសកម្ពុជា កំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ ហើយវិស័យសេដ្ឋកិច្ច ក៏នៅរក្សាកំណើន៧% ក្នុងមួយឆ្នាំផងនោះ តម្រូវការគេហដ្ឋានដ៏ល្អសមរម្យ និងប្រណីតៗ សម្រាប់ប្រជាពលរដ្ឋ ក៏កំពុងមានកំណើនយ៉ាងឆាប់រហ័សផងដែរ ប៉ុន្តែអ្វីដែលជាការព្រួយបារម្ភ សម្រាប់ប្រជាពលរដ្ឋនោះ គឺការសម្រេចចិត្តទិញ គេហដ្ឋានបែបណាដែលផ្ដល់អត្ថប្រយោជន៍ច្រើន គ្មានបញ្ហាជ្រាបទឹក មានសុវត្ថិភាព ផាកសុខភាព និងងាយស្រួលក្នុងការធ្វើដំណើរចេញ-ចូល ឬនៅក្បែរទីប្រជុំជនជាដើម។
ដើម្បីចូលរួមរំសាយក្ដីព្រួយបារម្ភដ៏សំខាន់នេះ អគ្គនាយកបុរីឡុងនី កែវ បូណ៌ភិរក្ស បានចូលខ្លួនពន្យល់អំពីបញ្ហានេះ ជូនប្រជាពលរដ្ឋដែលកំពុងមានតម្រូវការគេហដ្ឋាន សម្រាប់ជីវភាពរស់នៅដ៏សមរម្យមួយ ខណៈដែលបុរី ឡុង នី គម្រោងទី២ ស្ថិតនៅទឹកដីខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅជាប់នឹងផ្លូវ៣០ម៉ែត្រ (ប្រហែល៦០០ម៉ែត្រ ពីស្តុបអាងទឹកមហាវិថីវេងស្រេង) កំពុងដំណើរការសាងសង់ជូនអតិថិជន និងរង់ចាំលក់ជូនអតិថិជនជារៀងរាល់ថ្ងៃ។
លោក កែវ បូណ៌ភិរក្ស បានពន្យល់ថា ប្រជាពលរដ្ឋដែលចង់ទិញផ្ទះរស់នៅ គឺគិតគូរជាចម្បងលើចំណុចសំខាន់ៗមួយចំនួន រួមមាន៖ ទី១.បុរី ឬគេហដ្ឋានមានទីតាំងនៅជិតទីប្រជុំជន, ទី២.មានទីតាំងនៅជិតតំបន់ឧស្សាហកម្ម ឬពាណិជ្ជកម្ម, ទី៣.ត្រូវគិតគូរលើគុណភាពនៃសំណង់ គ្មានបញ្ហាជ្រាបទឹក, ទី៤.បញ្ហាកេរ្តិ៍ឈ្មោះរបស់បុរីនីមួយៗក៏ជាការចាំបាច់ផងដែរ ពីព្រោះចាប់ពីឆ្នាំ២០១៨មក មានសំណង់បុរីជាច្រើនមានការរីកចម្រើនខ្លាំងក្លា តែក៏មានបុរីមួយចំនួនក៏ត្រូវផ្អាកដំណើរការ ឬអាចបញ្ឈប់តែម្ដង ហើយមួយចំនួនទៀតក៏ទើបកកើតថ្មី តែអត្រានៃការលក់ចេញនោះមានកំណើនខ្ពស់ដែរ។
ជាក់ស្ដែងដូចជាបុរីឡុងនីជាដើម ថ្វីដ្បិតទើបចាប់ផ្ដើមគម្រោងទី១ កាលពីជាងមួយឆ្នាំមុនក៏ពិតមែន តែអត្រានៃការគាំទ្រពីសំណាក់អតិថិជន ពិតជាមានកំណើនខ្ពស់នឹកស្មានមិនដល់ ហើយបុរី ឡុង នី គម្រោងទី២នេះ ក៏កំពុងទទួលបានការគាំទ្រពីអតិថិជនជាបន្តបន្ទាប់ផងដែរ តាមរយៈការទំនាក់ទំនងកក់ប្រាក់ជាមុន។
លោក កែវ បូណ៌ភិរក្ស បានលើកឡើងថា មនុស្សម្នាក់ៗតែងចង់រស់នៅក្នុងភាពស៊ីវិល័យ មានសេចក្ដីសុខ មានសុវត្ថិភាព មានផាកសុខភាព និងចង់ទទួលបាននូវអត្ថប្រយោជន៍នានាជាច្រើនទៀតពីការរស់នៅក្នុងសង្គម ដូច្នេះហើយបានជាបុរី ឡុង នី គម្រោងទី២ បាននិងកំពុងរៀបចំផ្នែកខាងឱ្យមានជាប្រភេទផ្ទះវីឡាប្រណីតៗ មានវីឡាកូនកាត់ខ្នាតតូច-ខ្នាតធំ វីឡាភ្លោះ វីឡាទោល ដែលសុទ្ធសឹងជាតម្រូវការរបស់ប្រជាពលរដ្ឋសម័យទំនើប ពោលសម្រាប់គម្រោងទី២នេះ គឺមានផ្ទៃដីដល់ទៅ ៣.៥ហិកតា ប៉ុន្តែបុរី ឡុង នី ធ្វើបានតែគេហដ្ឋាន ១៩៣ឯកតាប៉ុណ្ណោះ ដោយសារបុរីបានផ្តោតលើទំហំផ្លូវធ្វើដំណើរ ការបង្កើតកន្លែងកម្សាន្តសម្រាប់កុមារ ទីធ្លារមុខផ្ទះ ក្លឹបកីឡា សួនច្បារ និងមានប្រភេទវីឡាធំៗផងដែរ។
លោកបានអះអាងថា ចំពោះការសាងសង់បុរី ឡុង នី គ្រប់គម្រោង គឺបានគិតគូរជាចម្បងលើគុណភាពសំណង់ គ្មានបញ្ហាជ្រាបទឹក បរិយាកាសស្រស់ថ្លា ទីធ្លារមុខផ្ទះ ផ្លូវធ្វើដំណើរធំទូលាយ ទាំងគម្រោងទី១ និងគម្រោងទី២ថ្មីនេះ ក៏សុទ្ធតែមានទីតាំងនៅក្នុងរាជធានីភ្នំពេញ។
សូមស្ដាប់ការលើកឡើងរបស់ កែវ បូណ៌ភិរក្ស ដូចតទៅ៖