(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បើកសិក្ខាសាលាមួយស្ដីពី កិច្ចពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្ដីព្រាងចុងក្រោយ នៃរបាយការណ៍ត្រួតពិនិត្យ ជាសកតាមកាលកំណត់ ក្នុងគោលបំណងដោយសាររាជរដ្ឋាភិបាលមានកាតព្វកិច្ច ក្នុងការដាក់របាយការណ៍ស្ដីពី សិទ្ធិមនុស្សទៅអង្គការសហប្រជាជាតិ តាមដំណាក់ការដែលគេបានកំណត់ឲ្យ ដោយសេចក្ដីព្រាងចប់រួចរាល់ហើយ ដែលមានគណៈកម្មាធិការសិទ្ធិមនុស្ស ជាសេនាធិការនៃសេចក្ដីព្រាងនេះ។
ក្នុងពិធីបើកសិក្ខាសាលានេះ បានធ្វើឡើងក្រោមក្រោមអធិបតីភាពលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ លោក អ៊ិត រ៉ាឌី អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា ចំពោះការដាក់របាយការណ៍នេះ គឺជាលើកទី៣ ដោយក្នុងរបាយការណ៍នីមួយៗ អង្គការសហប្រជាជាតិ បានផ្ដល់ជូននូវចំណុចខ្វះខាតមកវិញ ដើម្បីយកមកអនុវត្ត ហើយរបាយការណ៍នេះ គឺឆ្លើយតបទៅនឹងអនុសាសន៍នៃជុំទី២ផងដែរ។
លោកបានបញ្ជាក់ថា «សម្រាប់ថ្ងៃនេះដែរ ក៏មានខាងសង្គមស៊ីវិលចូលរួមពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស ដើម្បីចូលរួមផ្ដល់នូវគំនិតខ្លះទៅលើសេចក្ដីព្រាង នៃរបាយការណ៍ថាតើ សេចក្ដីព្រាងរបស់យើងពេញលេញទេ តើមានការខ្វះខាត់នៅចំណុចណាទៀត ដើម្បីឲ្យរបាយការណ៍នឹងគ្រប់គ្រាន់សម្រាប់ដាក់ជូនទៅអង្គការសហប្រជាជាតិបន្តផងដែរ ហើយរបាយការណ៍នេះ គឺបានបង្ហាញនូវសមទ្ធិផលរបស់រាជរដ្ឋាភិបាល ដែលបានប្រឹងប្រែងអត់រយៈពេល៤ទៅ៥ឆ្នាំម្ដងនេះ ជូនទៅអង្គការសហប្រជាជាតិឲ្យឃើញថាតើ រាជរដ្ឋាភិបាលបានធ្វើអ្វីខ្លះទៅវិស័យសិទ្ធិមនុស្សនេះ»។
លោកបានបន្តថា សម្រាប់សមទ្ធិផលលើកទី៣នេះ មានការរីកចម្រើនច្រើនដោយរាជរដ្ឋាភិបាលបានធ្វើជូនប្រជាពលរដ្ឋជាច្រើនលើកគ្រប់វិស័យដូចជា ចំពោះវិស័យអប់រំវិញបានពង្រីកសាលារៀន ដើម្បីប្រមូលកុមារឲ្យបានចូលរៀនកាន់តែច្រើន, វិស័យសុខាភិបាលបានពង្រីកមន្ទីពេទ្យឲ្យទៅដល់ឃុំ ហើយរួមទាំងមានប៉ុស្ដិ៍ចល័តសម្រាប់តំបន់ដាច់ស្រយាល និងវិស័យយុតិ្តធម៌ ជាពិសេសពាក់ព័ន្ធបញ្ហាលើស្រ្ដី៕