(ភ្នំពេញ)៖ សាកលវិទ្យាល័យឥន្ទ្រាវិជ្ជា បានប្រគល់អាហារូបករណ៍ ដល់និស្សិតកម្ពុជាចំនួន២០រូប ទៅបន្ដការសិក្សាថ្នាក់បរិញ្ញាបត្រ នៅប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០១៨-២០២២។
ថ្លែងក្នុងពិធីប្រគល់ប័ណ្ណអាហារូបករណ៍ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ លោក លីវ វៃតុង ប្រធានមជ្ឈមណ្ឌលអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសចិន របស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា បានគូសបញ្ជាក់ថា ក្រោយពីសាកលវិទ្យាល័យឥន្ទ្រវិជ្ជា បានចុះហត្ថលេខាជាមួយសាកលវិទ្យាល័យចំនួន១៨របស់ប្រទេសចិន នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ ទើបនិស្សិតសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ចំនួន២០រូប ត្រូវបានសាកលវិទ្យាល័យនានារបស់ប្រទេសចិន ផ្តល់អាហារូបករណ៍ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ នៅប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០១៨-២០២២។
លោកបណ្ឌិត ស៊ុ ឈុំឡុង សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា បានថ្លែងថា ក្រោមកិច្ចសហការដ៏ល្អជាមួយសាកលវិទ្យាល័យទាំង១៨ របស់ប្រទេសចិន គឺជាការបើកឱកាសកាន់តែទូលាយបន្ថែមទៀត ដល់និស្សិតរបស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា និយាយដោយឡែក ដល់និស្សិតកម្ពុជាទាំងអស់និយាយរួម ទៅបន្តការសិក្សានៅប្រទេសចិន តាមរយៈសាកលវិទ្យាល័យឥន្ទ្រវិជ្ជា។
ការរៀបចំនូវកម្មវិធីនាថ្ងៃនេះ ក្នុងគោលបំណងសំខាន់៤យ៉ាងគឺ ១៖ចូលរួមអបអរសាទរសិស្ស និស្សិតជ័យលាភីចំនួន២០រូប ដែលត្រូវបានជ្រើសរើសជា និស្សិតអាហារូបករណ៍ទៅបន្តការសិក្សា, ២៖បង្កើនកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយ ជាមួយបណ្តាសាកលវិទ្យាល័យនានារបស់ប្រទេសចិន, ៣៖ការលើកកម្ពស់គុណភាព នៃការសិក្សារបស់សិស្ស និស្សិត និង៤៖ការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការពង្រឹង និងពង្រីកគុណភាពអប់រំនៅកម្ពុជា។
ជាមួយគ្នានេះ លោក ឈាន យានកាង (Quan Yangang) ក្នុងនាមមជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំកម្ពុជា បានថ្លែងគាំទ្រដល់កិច្ចសហប្រតិបត្តិការដ៏ល្អ លើវិស័យអប់រំរវាងប្រជាជាតិយើងទាំងពីរ កម្ពុជានិងចិន។ ទំនាក់ទំនងដ៏ល្អនេះ បានសាយភាពពីអតីតកាលទៅអនាគត ពីទីក្រុងដល់ជនបទ ពីថ្នាក់ដឹកនាំដល់ប្រជាពលរដ្ឋ។
លើសពីនេះ ប្រទេសទាំងពីរ បាននិងកំពុងរួមចំណែកជាមួយគ្នាដើម្បីបង្កើនឥស្សរភាព និងឧត្តមភាពនៃចំណងការទូត ហើយការផ្លាស់ប្តូរទស្សនកិច្ចរវាង ថ្នាក់ដឹកនាំ នៃប្រទេសយើងទាំងពីរ និងការចែករំលែកពុទ្ធិ និងបទពិសោធន៍ផ្នែកវប្បធម៌ នៃប្រជាជាតិទាំងពីរពិតជាពង្រឹង និងពង្រីកបន្ថែមទៀត នូវចំណងមេត្រីភាព និងចីរភាពនៃទំនាក់ទំនងដ៏ស្អិតរមួត និងជាប្រពៃណី។
គួរបញ្ជាក់ថា សាកលវិទ្យាល័យឥន្ទ្រវិជ្ជា គឺជាគ្រឹះស្ថានឧត្តមសិក្សាដ៏មានសក្តានុពលមួយរបស់កម្ពុជា ដែលទទួលបាននូវការគាំទ្រយ៉ាងពេញទំហឹង ពីសាកលវិទ្យាល័យជាច្រើនរបស់ប្រទេសចិន ក្នុងការផ្តល់នូវអាហារូបករណ៍ដល់សិស្ស និស្សិតកម្ពុជា ទៅបន្តការសិក្សានៅប្រទេសចិន ហើយសាកលវិទ្យាល័យ ក៏បានសហការយ៉ាងជិតស្និទ្ធ ជាមួយមជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំកម្ពុជា សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងសមាគមអតីតនិស្សិតបន្តការសិក្សា នៅសាកលវិទ្យាល័យជីណាន (Jinan) នៅក្រុងក្វាងចូវ របស់ប្រទេសចិនទៀតផង៕