(រតនគិរី)៖ លោក ថង សាវុន អភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ បានទទួលជួបសិស្សនិទ្ទេស A, B, C ប្រចាំខេត្តរតនគិរី ដែលទទួលបានលទ្ធផលក្នុងការប្រឡងបាក់ឌុប នាសម័យប្រឡងថ្ងៃទី២០-២១ ខែកក្កដាកន្លងទៅ។
ពិធីជួបចំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តនេះ ធ្វើឡើងនៅសាលាខេត្តរតនគិរី ដោយមានការចូលរួមពីប្រធានមន្ទីរអប់រំ ប្រធាន អនុប្រធានមន្ទីរក្នុងខេត្ត និងសិស្សនិទ្ទេស A, B, C ទាំង៥៣នាក់។
លោក ថង សាវុន បានផ្តល់នូវរង្វាន់លើកទឹកចិត្តម៉ូតូ០១គ្រឿង និងកុំព្យូរទ័រយួរដៃមួយគ្រឿង ជូនដល់សិស្សនិទ្ទេស A ម្នាក់ ថវិកា៥០ម៉ឺនរៀល ជូនសិស្សនិទ្ទេស B ចំនួន៣នាក់ និងថវិកា៣០ម៉ឺនរៀល និងជូនសិស្សនិទ្ទេស C ចំនួន៤៩នាក់ ព្រមទាំងផ្តល់ថវិកាលោកគ្រូ អ្នកគ្រូ៣២នាក់ ដែលបានស្ម័គ្រចិត្តបង្រៀនបំប៉ន ជូនដល់សិស្ស ថវិកាម្នាក់១០០ដុល្លារ។
ថ្លែងក្នុងឱកាសនោះ លោក ថង សាវុន បានសម្ដែងនូវមោទនភាពចំពោះក្មួយៗ ដែលបានខិតខំរៀនរហូតទទួលបាននិទ្ទេសល្អ ហើយនេះជាជោគជ័យមួយចំណែក ក្នុងជីវិតរបស់ក្មួយៗ ជាមោទនភាពសម្រាប់ខ្លួនប្អូនផ្ទាល់ ក្រុមគ្រួសារ និងតំណាងឲ្យខេត្តទាំងមូលផងដែរ។
បន្ថែមពីនេះ លោកអភិបាលខេត្ត បានជំរុញឲ្យសិស្សានុសិស្សខិតខំកសាងខ្លួនជាពលរដ្ឋល្អ និស្សិតល្អនៅថ្នាក់ឧត្តមសិក្សាបន្តទៀតដើម្បីជីវិតរបស់ក្មួយៗ ហើយលោកក៏សូមចូលរួមសោកស្តាយចំពោះក្មួយៗ ដែលមិនបានជាប់ សូមបន្តការព្យាយាមរហូតទទួលបានជោគជ័យនៅឆ្នាំបន្តបន្ទាប់ទៀត បរាជ័យនៅសាលា មិនមានន័យថា បរាជ័យក្នុងជីវិតទេ។
លោក ថង សាវុន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកគ្រូ អ្នកគ្រូ ដែលបានខិតខំបង្ហាត បង្ហាញអប់រំក្មួយៗ រហូតទទួលបានជោគជ័យគួរជាទីមោទនៈ ពិសេសលោកគ្រូ អ្នកគ្រូ ដែលបានស្ម័គ្រចិត្តបង្រៀនបំប៉នក្មួយៗ ដែលរៀបចំឡើងដោយ សហភាពសព័ន្ធយុវជនកម្ពុជាខេត្តកន្លងមកនេះ៕