(ភ្នំពេញ)៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាទេសាភិបាលកម្ពុជា ប្រចាំធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងពីស្ថានភាពសេដ្ឋកិច្ច នៃប្រទេសកម្ពុជា ដែលកំពុងសម្រេចបាននូវ ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចយ៉ាងរឹងមាំ ក្នុងរយៈកាលជាងពីរទសវត្សរ៍ចុងក្រោយនេះ។
លោកអគ្គបណ្ឌិតសភាចារ្យ បានលើកឡើងថា «កម្ពុជាសម្រេចបាន ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ចខ្ពស់ ជាមធ្យមក្នុងកម្រិត ៧.៧% ក្នុងមួយឆ្នាំៗ ហើយសេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងបន្តកំណើនរឹងមាំក្នុងរង្វង់អត្រា៧.២% ក្នុងឆ្នាំ២០១៨នេះ»។
ការលើកឡើងបែបនេះ របស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ធ្វើឡើងក្នុងឱកាសដែលលោក ទទួលជួបសវនការ ការងារជាមួយគណៈប្រតិភូ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោក ម៉ាបុប អាមេដ (Mr. Mahbub Ahmed), នាយកប្រតិបត្តិជំនួសប្រចាំធនាគារអភិវឌ្ឍន៍អាស៊ី (ADB Alternate Executive Director) មកបំពេញទស្សនកិច្ចនៅកម្ពុជា នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨។
ការទទួលជួបសវនការនេះរវាងលោកអគ្គបណ្ឌិតសភាចារ្យ និងលោក ម៉ាបុប អាមេដ ក្នុងគោលបំណងពិភាក្សាការងារ ជាមួយស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័ន្ធពាក់ព័ន្ធផ្សេងៗទៀត ក៏ដូចជាត្រួតពិនិត្យវឌ្ឍនភាព និងសមិទ្ធផលនៃការអនុវត្តគម្រោង ដែលស្ថិតនៅក្រោមក្របខ័ណ្ឌហិរញ្ញប្បទាន របស់ ADB។
លោកអគ្គបណ្ឌិតឲ្យដឹងថា កំណើនរឹងមាំរបស់សេដ្ឋកិច្ចកម្ពុជា ធ្វើឱ្យផលិតផលសរុបក្នុងស្រុកសម្រាប់ប្រជាជនម្នាក់ៗ កើនឡើងជាង៧ដង ពីប្រមាណជាង២០០ដុល្លារអាមេរិក ក្នុងឆ្នាំ១៩៩២ មកជិតប្រមាណ១,៥០០ដុល្លារអាមេរិក នៅឆ្នាំ២០១៨នេះ។ ចំណែកឯអត្រានៃភាពក្រីក្រ បានធ្លាក់ចុះពីប្រមាណ ៥០% ក្នុងឆ្នាំ១៩៩២ មកត្រឹមរង្វង់ ១៣.៥% ក្នុងឆ្នាំ២០១៤ ទោះបីត្រូវជួបប្រទះបញ្ហាប្រឈម និងហានិភ័យពីខាងក្រៅមួយចំនួនក្ដី។
លោកបានបញ្ជាក់ទៀតថា សេដ្ឋកិច្ចកម្ពុជាសម្រេចបាន កំណើនខ្ពស់នេះផ្អែកលើ មូលដ្ឋានសំខាន់មួយចំនួនដូចជា៖
១៖ ការធានាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការបង្កើតបរិយាកាសអំណោចផល សម្រាប់ការអភិវឌ្ឍ។
២៖ គោលនយោបាយ និងកម្មវិធីអភិវឌ្ឍច្បាស់លាស់ ប្រកបដោយសង្គតិភាព និងការដាក់ចេញនូវវិធានការកែទម្រង់មុតស្រួច ព្រមទាំងការពង្រឹង និងលើកម្ពស់សមត្ថភាពស្ថាប័នសាធារណៈ។
៣៖ ការអភិវឌ្ឍប្រកបដោយចីរភាព ដែលផ្តោតលើការអភិវឌ្ឍធនធានមនុស្ស និងការគាំពារសង្គម។
៤៖ ការធ្វើពិពិធកម្មសេដ្ឋកិច្ច តាមរយៈការពង្រឹងហេដ្ឋារចនាសម្ព័ន្ធរូបវន្តទាំងទីក្រុង និងជនបទ។
ក្នុងនោះដែរលោក ម៉ាបុប អាមេដ បានវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល និងអបអរសាទរ ចំពោះជោគជ័យដ៏ធំធេងរបស់កម្ពុជាក្នុងការបន្តរក្សា និងជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព រក្សាបាននូវសមធម៌ សង្គមល្អប្រសើរ និងកាត់បន្ថយភាពក្រីក្រ គឺរាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយត្រឹមត្រូវ ច្បាស់លាស់ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ៕