(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា កម្ពុជាសូមបេ្តជ្ញាចិត្តចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងការលុបបំបាត់ការប្រើប្រាស់សារធាតុបំផ្លាញស្រទាប់អូហ្សូន។ នេះបើតាមលិខិតអបអរសាទរ ទិវាអូហ្សូនពិភពលោក ១៦ កញ្ញា ២០១៨ របស់លោករដ្ឋមន្ត្រី នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨។
លោក សាយ សំអាល់ បានថ្លែងឲ្យដឹងថា ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សូមចូលរួមអបអរសាទរជាមួយរដ្ឋាភិបាល និងបណ្តាប្រជាជននៅលើសកលលោក ដែលបានរួមគ្នាប្រារព្ធទិវា អូហ្សូនពិភពលោកក្រោមប្រធានបទ៖ «ថែភពផែនដីឲ្យត្រជាក់ និងបន្តអនុវត្ត ការការពារស្រទាប់អូហ្សូន និងបរិយាកាសរបស់យើងក្នុងទិវាអូហ្សូនពិភពលោក» ដើម្បីបំផុសស្មារតីប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានឲ្យបន្តចូលរួមចំណែកថែរក្សាភពផែនដីឲ្យនៅត្រជាក់។
លោកក៏បានអបអរសាទរការជោគជ័យរបស់ពិធីសារម៉ុងរ៉េអាល់ ក្នុងកិច្ចការពារស្រទាប់អូហ្សូន ដោយបានរួមចំណែកក្នុងការទប់ស្កាត់ការកើនកំដៅភពផែនដី និងលុបបំបាត់ស្ទើរទាំងស្រុងនូវ សារធាតុបំផ្លាញស្រទាប់អូហ្សូន ដែលជាសាធារតុមានសក្តានុពលកើនកំដៅផែនដី។
កិច្ចខិតខំប្រឹងប្រែងរបស់មនុស្សជាតិក្នុងការទប់ស្កាត់ការបំផ្លាញស្រទាប់អូហ្សូន ពិតជាបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការកាត់ បន្ថយការកើនកំដៅភពផែនដី ដែលគិតជាខ្នាតប្រមាណ១៣៥កោដតោនឧស្ម័នកាបូនិច បញ្ចេញទៅក្នុងបរិយាកាសពីចន្លោះឆ្នាំ ១៩៩០ ដល់ឆ្នាំ២០១០។
លោក សាយ សំអាល់ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមរដ្ឋភាគី រារដ្ឋាភិបាលបានបញ្ឈប់ការប្រើប្រាស់សារធាតុ ក្លរ៉ូភ្លុយអររ៉ូកាបូន ទាំងស្រុងក្នុងឆ្នាំ២០១០ ហើយកម្ពុជាក៏កំពុងបន្តអនុវត្តផែនការគ្រប់គ្រងការលុបបំបាត់សារធាតុ ហាយដ្រូក្លរ៉ូភ្លុយអររ៉ូកាបូន ស្របតាមផែនការលុបបំបាត់សាធារតុបំផ្លាញស្រទាប់អូហ្សូន របស់ពិធីសារម៉ុងរ៉េអាល់...។ ក្នុងន័យនេះ កម្ពុជាបានបេ្តជ្ញាចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងការអនុវត្តឲ្យបានជោគជ័យ នូវរាល់កាតព្វកិច្ចរបស់ខ្លួន សំដៅធានាឲ្យបាននូវ ប្រសិទ្ធភាពនៃការគ្រប់គ្រង ការកាត់បន្ថយ និងការលុបបំបាត់ការប្រើប្រាស់សារធាតុបំផ្លាញស្រទាប់អូហ្សូន»។
សូមជម្រាបថា ប្រជាជាតិ និងរដ្ឋាភិបាលចំនួន១៩៧ ទូទាំងពិភពលោកកំពុងប្រារព្ធទិវាអូហ្សូនពិភពលោក ដែលត្រូវជាខួបលើកទី៣៣ នៃការបង្កើត៖ «អនុសញ្ញាទីក្រុងវីយ៉ែនស្តពី កិច្ចការពារស្រទាប់អូហ្សូន» និងត្រូវជាខួបលើកទី៣១ នៃការបង្កើត «ពិធីសារម៉ុងរ៉េអាល់ ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន»។ ជារៀងរាល់ឆ្នាំ លេខាធិការដ្ឋានអូហ្សូននៃអង្គការកម្មវិធីបរិស្ថាន សហប្រជាជាតិ បានកំណត់យកថ្ងៃទី១៦ ខែកញ្ញា ជាថ្ងៃប្រារព្ធខួប «ទិវាអូហ្សូនពិភពលោក» ចាប់តាំងពីឆ្នាំ១៩៩៥ មកដើម្បីរំឭកដល់ថ្ងៃបង្កើត ពិធីសារម៉ុងរ៉េអាល់ ក្នុងឆ្នាំ១៩៨៧៕