(ភ្នំពេញ)៖ សិស្សពូកែគណិតលេខ១ទូទាំងប្រទេស ប្រចាំឆ្នាំ២០១៨ និងជាប់លំដាប់ថ្នាក់អន្តរជាតិបេក្ខជន ឆាយ លីអាន ដែលចេញមកតវ៉ាក្រោយខ្លួនជាសិស្សពូកែ ហើយលទ្ធផលប្រឡងមុខវិជ្ជា គណិតធ្លាក់ទៅនោះ ឥឡូវនេះបានទទួលនិទ្ទេស A ឡើងវិញក្រោយក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសលទ្ធផលថ្មីជាលើកទី២ នៅថ្ងៃនេះ។
លទ្ធផលថ្មីដែលក្រសួងអប់រំ យុវជន និងកីឡា ប្រកាសឡើងវិញ ក៏ដោយសារមានបញ្ហាបច្ចេកទេសកុំព្យូទ័រនោះ បានបញ្ជាក់ថា បេក្ខជន ឆាយ លីអាន មានលំដាប់ពិន្ទុមាន ៩៩.៩០២ និងបាននិទ្ទេស A នៃមធ្យមភាគសរុប ក្នុងការប្រឡងដ៏ធំមួយនេះ។ ដោយឡែកសម្រាប់មុខវិជ្ជាគណិត ដែលធ្លាក់កាលពីលទ្ធផលចាស់នោះ នៅពេលេនះ លីអាន ក៏ទទួលបានលទ្ធផល A ឡើងវិញផងដែរ។
សូមរំលឹកថា បេក្ខជន ឆាយ លីអាន ជាសិស្សរៀននៅវិទ្យាល័យ ហ៊ុន សែន ឈូក ខេត្តកំពត និងជាសិស្សឆ្នើមមេដាយមាសគណិតឆ្នាំ២០១៨ និងលេខ២ ឆ្នាំ២០១៥ ព្រមទាំងធ្លាប់ប្រលងប្រកួត ប្រជែងលំដាប់ អន្តរជាតិផងដែរ។
បេក្ខជនរូបនេះ ធ្លាប់បានទៅប្រកួតនៅប្រទេសសិង្ហបុរី ក្នុងការប្រកួតគណិតវិទ្យាប្រចាំតំបន់អាស៊ាន ប្រកួតការធ្វើ Research នៅប្រទេសម៉ាឡេស៊ី និងប្រកួតលំដាប់ថ្នាក់អន្តរជាតិ (IMO) នៅប្រទេសរ៉ូម៉ាន់នី ដែលមានការចូលរួមពី១១៦ប្រទេសជុំវិញពិភពលោកទៀតផង៕