(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកាគណៈអចិន្រ្តៃយ៍គណៈកម្មការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង បានថ្លែងថា រាជរដ្ឋាភិបាលនៅអាណត្តិទី៦នេះ នឹងបន្តអភិវឌ្ឍផ្តោតសំខាន់ទៅលើវិស័យ៤គឺទឹក ភ្លើង ផ្លូវ មនុស្ស ដែលជាវិស័យអាទិភាពសម្រាប់ការអភិវឌ្ឍប្រទេសឱ្យរីកចម្រើន។
លោកស្រីបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងឱកាសដឹកនាំក្រុមការងារចុះថ្លែងអំណរគុណ ដល់កងកម្លាំងទាំងបីប្រភេទរួមមាន នគរបាល កងរាជាវុធហត្ថ យោធា នៅស្រុករមាសហែក ខេត្តស្វាយរៀង។
ថ្លែងក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់អង្គពិធី ហើយក៏បានកោតសសើរ និងថ្លែងអំណរគុណដល់កងកម្លាំងទាំងអស់ ដែលបានខិតខំការពារសន្តិសុខ បានយ៉ាងល្អក្នុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ក៏ដូចជាកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ បានយ៉ាងល្អនៅមូលដ្ឋាន ក្នុងដំណើរការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណតិ្តទី៦ ដែលក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈដ៏ច្រើនលើសលប់ក្នុង អាណត្តិទី៦នេះរហូត១២៥អាសនៈ។
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា ជ័យជំនះទាំងនេះកើតចេញអំពី៖
*ទី១៖ ការចូលរួមរបស់បងប្អូនទាំងអស់គ្នា
*ទី២៖ គណបក្សប្រជាជនកម្ពុជាមានគោលនយោបាយច្បាស់លាស់ ១១ចំណុច ដែលបានបម្រើឱ្យផលប្រយោជន៍របស់ប្រជាពលរដ្ឋ
*ទី៣៖ អំពើល្អ និងប្រជាប្រិយភាពរបស់ថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ទាំងក្នុងឆាកជាតិ និងឆាកអន្តរជាតិ។
លោកស្រីបានបន្តទៀតថា អាណាត្តិទី៦នេះ យើងត្រូវរួមគ្នាអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើន លើគ្រប់វិស័យជាបន្តបន្ទាប់ទៀត ក្នុងការទាក់ទាញវិនិយោគរោងចក្រ សហគ្រាសជាច្រើនទៀតឱ្យមាននៅខេត្តខេត្តស្វាយរៀង ដើម្បីឱ្យប្រជាពលរដ្ឋមានការងារធ្វើ កាត់បន្ថយភាពក្រីក្រ បង្កើនជីវភាពបានមួយកំរិតបន្ថែមទៀត។
លោកស្រីក៏បានសូមសំណូមពរឱ្យកម្លាំងទាំងអស់ត្រូវរួមគ្នាធ្វើអំពើល្អ និងត្រូវបម្រើសេវាសាធារណៈឱ្យបានល្អ និងត្រូវយកចិត្តទុកដាក់ថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ រក្សាសណ្តាប់ធ្នាប់ សន្តិសុខសង្គម នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង ហើយក៏ត្រូវទប់ស្កាត់ឱ្យបាននូវបងតូច បងធំ និងទប់ស្កាត់នូវការចរាចរ និងការប្រើប្រាស់គ្រឿងញៀន ដើម្បីសេចក្តីសុខនៅក្នុងមូលដ្ឋានក្នុងនោះត្រូវអនុវត្ត គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពឱ្យទទួលបានជោគជ័យ។
លោកស្រីក៏បានសំណូមពរ ដល់អាជ្ញាធរសមត្ថកិច្ចថែរក្សាកន្លែងរុករកអាវុធគីមី នៅវត្តគគីរឃុំគគីរឱ្យបានល្អ និងទុកជាកន្លែងណែនាំដល់កូនចៅឱ្យដឹង និងស្គាល់ថាអាវុធគីមីវាមានឥទ្ធិពលដល់កំរិតណាដល់សុខមាលភាពប្រជាពលរដ្ឋ។ នៅក្នុងឱកាសនោះលោកស្រីក៏បានឧបត្ថម្ភដល់កងកម្លាំងម្នាក់ ៥ម៉ឺនរៀលផងដែរ៕