(ភ្នំពេញ)៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ បានជំរុញឱ្យគណៈបញ្ជាការសង្កាត់ទាំង៨ បន្តពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ និងការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានល្អជាប្រចាំជាពិសេសត្រូវលុបបំបាត់ឱ្យបាន ចំពោះអ្នកជូញដូរ និងប្រើប្រាស់គ្រឿងញៀននៅក្នុងមូលដ្ឋាន ដើម្បីជាការឆ្លើយតបទៅវិញ ជូនប្រជាពលរដ្ឋ។
លោក ចេង មុនីរ៉ា បានថ្លែងថា សន្តិសុខ គឺជាសេចក្តីត្រូវការរួមរបស់ប្រជាពលរដ្ឋគ្រប់រូប មិនអាចខ្វះបាន មិនថាអ្នកមាន ឬអ្នកក្រនោះទេ គឺសុទ្ធតែត្រូវការសន្តិសុខទាំងអស់។ ការដែលពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនេះ គឺជាការឆ្លើយតបមួយដ៏ចាំបាច់របស់ប្រជាពលរដ្ឋ ក៏ដូចជានៅទូទាំងខណ្ឌ ដើម្បីរក្សាសុវត្ថិភាពសុខដុមរម្យនាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ដូច្នេះហើយអាជ្ញាធរសង្កាត់ទាំង៨ ត្រូវធ្វើយ៉ាងណាផ្តល់សេវាកម្មឱ្យបានល្អជូនប្រជាពលរដ្ឋមានភាពកក់ក្តៅ រក្សាបានសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈបានល្អ។
ក្នុងឱកាសនេះដែរ លោកបានបន្តក្រើនរំលឹកដល់អាជ្ញាធរសង្កាត់ និងមន្ត្រីពាក់ព័ន្ធឱ្យបង្កើនប្រសិទ្ធភាពការងារទ្វេដងថែមទៀត លើការបម្រើសេវា សាធារណៈ ជូនប្រជាពលរដ្ឋឱ្យស័ក្តសមទៅនឹងទំនុកចិត្ត របស់ប្រជាពលរដ្ឋដែលបានបោះឆ្នោតឱ្យយើង ការងារជាច្រើនកំពុងរងចាំយើងទៅធ្វើ ជាពិសេសការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈក្នុងមូលដ្ឋានដោយផ្តោតទៅលើការ អនុវត្តច្បាប់ចរាចរ, បន្តឆែកឆេរអាវុធជាតិផ្ទុះ។ ត្រួតពិនិត្យកន្លែងសប្បាយភាព, ក្លិបកំសាន្ត, ក្លិបរាត្រីផ្សេងៗ ដើម្បីទប់ស្កាត់បទល្មើសគ្រឿងញៀន បើទោះបីយើងមិនអាច លុបបំបាត់នៅចំពោះមុខ តែក៏អាចឈានទៅកាត់បន្ថយបទល្មើសគ្រឿងញៀនបាន១កំរិតដែរ។
លោកអភិបាលខណ្ឌ បានបញ្ជាក់ទៅកាន់លោកអធិការខណ្ឌ លោកស្រីជាចៅសង្កាត់ ត្រូវបន្តធ្វើការផ្តល់អត្តសញ្ញាណកម្ម ឱ្យបានទាន់ពេលវេលា ជូនប្រជាពលរដ្ឋដោយថា នេះជាសេវាកម្មមួយដែលប្រជាពលរដ្ឋគ្រប់ត្រូវជាចាំបាច់ សម្រាប់ប្រើប្រាស់ជាផ្លូវច្បាប់ណាមួយក្នុងជីវភាពគ្រួសារពួកគាត់ ដែលមិនអាចខ្វះបាន៕