(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ អញ្ជើញប្រកាសឲ្យចូលកាន់តំណែងរបស់ លោកឧត្តមសេនីយ៍ទោ ស សំបូរធន ជានាយសេនាធិការបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជំនួសនាយឧត្តមសេនីយ៍ វង្ស ពិសេន ដែលត្រូវបានតែងតាំងជាអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។
នៅក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ថ្នាក់ដឹកនាំ និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានី-ខេត្តទាំង២៥ផងដែរ។
សូមជម្រាបថា លោកឧត្តមសេនីយ៍ទោ ស សំបូរធន ជានាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ បញ្ជាការដ្ឋានកងរាជអាវុធហត្ថផ្ទៃប្រទេស ត្រូវបានសម្ដេចពិជ័យសេនា ទៀ បាញ់ ចេញប្រកាសតែងតាំងមុខងារថ្មី ជានាយសេនាធិការបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ដោយឡែក លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី ស្នងការរង ស្នងការដ្ឋានបច្ចេកទេសសន្ដិសុខ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជានាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ បញ្ជាការដ្ឋានកងរាជអាវុធហត្ថផ្ទៃប្រទេសវិញ៕