(ភ្នំពេញ)៖ ឯកអគ្គរដ្ឋស្ថានទូតបារាំងនៅកម្ពុជា លោកស្រី អេវ៉ា ង្វៀងបិញ បានផ្ញើលិខិតអបអរសាទរលោក ថោង ខុន ដែលត្រូវបានតែងតាំងជា រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ក្នុងអាណត្តិថ្មី។ នេះបើតាមលិខិតអបអរសាទរ ដែលផ្ញើជូនលោករដ្ឋមន្ដ្រី ថោង ខុន ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨។
ក្នុងលិខិតអបអរសាទរ ស្ថានទូតបារាំង បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចូលរួមអបអរសាទរយ៉ាងកក់ក្ដៅ ដែលឯកឧត្ដមត្រូវបានតែងតាំងជា រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងអាណត្តិថ្មី។ ខ្ញុំពិតជាពេញចិត្តបន្តកិច្ចសហប្រតិបតិ្តការ ដែលយើងបានផ្ដើមធ្វើរួមគ្នា និងកិច្ចសន្ទនាប្រកបដោយគុណភាព ដែលយើងបាននិងកំពុងធ្វើលើ ប្រធានបទជាច្រើននៃផលប្រយោជន៍រួមរវាងប្រទេសយើងទំាងពីរ»។
ជាមួយគ្នានេះ លោកស្រីឯកអគ្គរដ្ឋទូត ក៏បានជូនពរលោករដ្ឋមន្ដ្រី ថោង ខុន ឲ្យទទួលបានជោគជ័យក្នុងបេកសកម្ម នៅក្នុងអាណត្តិថ្មីនេះ៕