(ក្រុងណាននីង, ខេត្តក្វាងស៊ី)៖ អនុស្សរណៈយោគយល់ចំនួន១២ មានតម្លៃសរុបជាង ៨០លានដុល្លារសហរដ្ឋអាមេរិក ត្រូវបានចុះហត្ថលេខា កាលពីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងវេទិកាវិនិយោគ ធុរកិច្ច និងទេសចរណ៍ នៃពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន លើកទី១៥ ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្មកម្ពុជា សហការជាមួយលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន។
អនុស្សរណៈទាំងនេះ គ្របដណ្តប់កិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រាប់តាំងពីការធ្វើធុរកិច្ច-ពាណិជ្ជកម្ម, ការបណ្តុះបណ្តាលធន ធានមនុស្សផ្នែកមគ្គុទេសក៍ (អ្នកនាំភ្ញៀវទេសចរ) និងផ្នែកវិស្វកម្ម (ផ្លូវដែកល្បឿនលឿន, ទំនប់វារីអគ្គិសនី និងប្រពន្ធ័ធារាសាស្ត្រ), ការស្ថាបនាផ្លូវយន្តហោះ, ការបង្កើតមហាវិទ្យាល័យស្រាវជ្រាវឧស្សាហកម្ម និងការកសាងមជ្ឈមណ្ឌលបណ្តុះបណ្តាលទេសចរណ៍ Sino-ASEAN។
ក្នុងសុន្ទរកថាបើកអង្គពិធី លោក ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងឲ្យលោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ថ្ងៃនេះ ឆ្លុះបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការចូលរួមកសាង «វិថីសូត្រសមុទ្រ សតវត្សរ៍ទី២១» និងគាំទ្រការអនុវត្ត «ផ្លូវ និងខ្សែក្រវាត់» ដើម្បីជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងតំបន់ តាមរយៈវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ នៅក្នុងទីក្រុងណាននីងដ៏ស្រស់ឆើតឆាយនៃខេត្តក្វាងស៊ី។
ទន្ទឹមគ្នានេះ លោកស្រី យ៉ាន ហ្ស៊ីចាន់ (Yan Zhichan) អនុប្រធាននៃរដ្ឋាភិបាលតំបន់ស្វ័យតខេត្តក្វាងស៊ី បានគូសបញ្ជាក់ពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងខេត្តក្វាងស៊ី និងកម្ពុជា នៅលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងបានបង្ហាញជំនឿថា ពិធីចុះអនុស្សរណៈថ្ងៃនេះ នឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីឈានទៅកសាងវិថីសូត្រសមុទ្រ ដែលជាគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់បំផុតមួយ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងវប្បធម៌បែបទំនើបរវាងប្រទេសចិន និងពិភពលោក ជាពិសេសអាស៊ាន។
សូមជម្រាបថា រៀងរាល់ព្រឹត្តិការណ៍ពិពរ័ណ៍ចិន-អាស៊ាន តែងមានពិធីចុះហត្ថលេខាលើគម្រោងវិនិយោគ និងអនុស្សរណៈជាច្រើន រវាងវិនិយោគិន និងពាណិជ្ជករកម្ពុជា-ចិន។ ខណៈដែលកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់នោះ គេសង្កេតឃើញមានគម្រោងវិនិយោគធំៗជាច្រើនរបស់ក្រុមហ៊ុនចិន បានមកអនុវត្តន៍នៅក្នុងប្រទេសកម្ពុជា មានដូចជា៖ គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ គម្រោងសាងសង់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គម្រោងសាងសង់ផ្លូវល្បឿនលឿន គម្រោងសាងសង់ទំនប់វារីអគ្គីសនី និងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដទៃផ្សេងៗទៀត ដែលទាំងអស់នេះ សុទ្ធតែបង្ហាញឱ្យឃើញអំពីភាពស៊ីសង្វាក់គ្នា នៃគោលនយោបាយប្រទេសទាំងពីរ ដោយឈរលើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដើម្បីតភ្ជាប់សមាហរណកម្មសេដ្ឋកិច្ច ទៅក្នុងពិភពលោក៕