(ភ្នំពេញ)៖ អនុប្រធានគណបក្សសមាជជាតិ និងជាជំនួយការប្រធានាធិបតី នៃសាធារណរដ្ឋសូដង់ លោកបណ្ឌិត ហ្វាយសាល ហាស្សាន់ អ៊ីប្រាហ៊ីម បានផ្ញើសារលិខិតអបអរសាទរចំពោះជ័យជម្នះដែលគណបក្សប្រជាជនកម្ពុជា ទទួលបានក្នុងការបោះឆ្នោតសកលនៅកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស។
លិខិតអបអរសាទរដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ លោកបណ្ឌិត ហ្វាយសាល ហាស្សាន់ អ៊ីប្រាហ៊ីម បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចូលរួមអបអរសាទរយ៉ាងកក់ក្ដៅបំផុតចំពោះជ័យជម្នះដ៏ធំធេង ដែលគណបក្សប្រជាជនកម្ពុជាទទួលបាន ក្នុងអំឡុងពេលនៃការបោះឆ្នោតសកលនៅកម្ពុជា នាពេលថ្មីៗនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេច ប្រធានគណបក្សប្រជាជនកម្ពុជា»។
អនុប្រធានគណបក្សសមាជជាតិ ប្រទេសសូដង់រូបនេះ បានគូសរំលេចចំពោះភាពចាស់ទុំផ្នែកខាងលទ្ធិប្រជាធិបតេយ្យ ដែលកំពុងតែដំណើរការនៅកម្ពុជានាពេលបច្ចុប្បន្ន។ ដំណើរការបោះឆ្នោតនេះ ប្រកបដោយភាពថ្លៃថ្នូរ និងតម្លាភាព ទាំងនេះគឺជាប្រវត្តិសាស្ដ្រ និងការជឿនលឿនទៅមុខមួយកម្រិតទៀត ដែលប្រជាជនកម្ពុជាទទួលបាននៅពេលនេះ។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ចំពោះការអបអរសាទរយ៉ាងកក់ក្ដៅ ដែលលោក ហ្វាយសាល ហាស្សាន់ អ៊ីប្រាហ៊ីម បានផ្ញើសារមកសម្ដេច និងប្រជាជនកម្ពុជា ក្នុងឱកាសដែលគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នៅប្រទេសកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ចំនួនអ្នកបោះឆ្នោតដ៏ច្រើនដល់ទៅ៨៣.០២ភាគរយ សរបញ្ជាក់ឲ្យឃើញថា ប្រជាជនកម្ពុជាបានជ្រើសយកជម្រើសបន្ដរក្សាសន្ដិភាព ស្ថេរភាព ការអភិវឌ្ឍ និងលទ្ធិប្រជាធិបតេយ្យ ក៏ដូចជាការការពារអធិបតេយ្យរបស់ប្រទេសកម្ពុជា ពីការលូកដៃរបស់បរទេស៕