(ភ្នំពេញ)៖ លោក សាអ៊ិហ្វូឌីន អាបឌុលឡាហ៍ រដ្ឋមន្ត្រីក្រសួងការបរទេស ប្រទេសម៉ាឡេស៊ី បានផ្ញើសារលិខិតអបអរសាទរជូនដល់លោក ប្រាក់ សុខុន ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា សម្រាប់អាណត្តិថ្មីនេះ។

លោក សាអ៊ិហ្វូឌីន អាបឌុលឡាហ៍ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែង សូមសម្តែងនូវអបអរសាទរដ៏ស្មោះស្ម័គ្រ ក្នុងឱកាសដែលឯកឧត្តម ត្រូវបានតែងតាំងសារជាថ្មី ជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីការោះឆ្នោតសកលលើកទី៦ នាពេលថ្មីៗនេះ»

លោក សាអ៊ិហ្វូឌីន អាបឌុលឡាហ៍ បានបន្ថែមទៀតថា៖ «ខ្ញុំពិតជាមានសេចក្តីរីករាយដែលបានពិភាក្សាការងារ ប្រកបដោយផ្លែផ្កាជាមួយឯកឧត្តម នៅពេលយើងបានជួបសន្ទនាគ្នា នៅក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥១ នៅប្រទេសសិង្ហបុរី កាលពីខែសីហា កន្លងមក។ ខ្ញុំរំពឹងរង់ចាំផ្លាស់ប្តូរយោបល់ជាមួយឯកឧត្តម ដូចពេលកន្លងមក ក្នុងពេលអនាគតឆាប់ៗខាងមុខនេះ ដើម្បីជំរុញទំនាក់ទំនងទ្វេរភាគី រវាងប្រទេសយើងទាំងពីរ ឱ្យឈានឡើងមួយកម្រិតថែមទៀត»

លោក សាអ៊ិហ្វូឌីន អាបឌុលឡាហ៍ បានបញ្ជាក់ថា កិច្ចប្រជុំគណៈកម្មការចម្រុះរវាងម៉ាឡេស៊ី និងកម្ពុជា ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៤ និងមានជំនឿថាពេលវេលានេះ គឺសមស្របសម្រាប់យើង ក្នុងការធ្វើឱ្យយន្តការនេះ មានដំណើរការឡើងវិញ។ ក្នុងបរិការណ៍នេះ គណៈប្រតិភូកម្ពុជា មកប្រទេសម៉ាឡេស៊ី ក្នុងឆ្នាំ២០១៩ ដើម្បីចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះ លើកទី៣ រវាងប្រទេសម៉ាឡេស៊ី និងប្រទេសកម្ពុជា៕

ខាងក្រោមនេះជាសារលិខិត ដែលបកប្រែជាភាសាខ្មែរ របស់រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី៖