(ភ្នំពេញ)៖ អគ្គិសនីកម្ពុជាបានឲ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែកញ្ញានេះថា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១១៖២២នាទីយប់ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៧ (GS7-F11) មូលហេតុដោយសារមាន រថយន្តបើកបុកបង្គោលបណ្ដាញតង់ស្យុងមធ្យម (MV) បណ្ដាលឲ្យខ្សែធ្លាក់គងលើមែកឈើ ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួនដែលស្ថិតនៅ៖ (១)- ភូមិទួលតាចាន់ ភូមិចុងព្រៃ ភូមិក្បាលជ្រោយ និងភូមិបោះអង្កាញ់ សង្កាត់ព្រែកឯង, (២)-ផ្លូវព្រែកប្រា សង្កាត់ព្រែកប្រា, (៣)-ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្រុមការងារបច្ចេកទេសបានធ្វើការជួសជុល និងភ្ជាប់ចរន្តជូនអតិថិជន ឲ្យមានចរន្តប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ០២៖២៥នាទីយប់រំលងអធ្រាត្រ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨។
អគ្គិសនីកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕