(ភ្នំពេញ)៖ កីឡាករ ហេង ចំណាន បានធ្វើដំណើរមកដល់មាតុភូមិវិញហើយ នៅយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ក្រោយបញ្ចប់បេសកកម្មចូលរួមប្រកួតកីឡាអុកចិនកម្រិតពិភពលោក នៃព្រឹត្តិការណ៍ 2018 Rapid Xiangqi International Invitational Tournament នៅខេត្តស៊ីឈ័ន ប្រទេសចិន ជាមួយនឹងលទ្ធផលដ៏ល្អបប្រសើរបំផុត  ដោយដណ្ដើមបានចំណាត់ថ្នាក់លេខ១ លើវិញ្ញាសាអុកលឿនចិន ។

ដំណើរមកដល់មាតុភូមិនេះដែរ ត្រូវបានលោកឧកញ៉ា លី ហួត ប្រធានសហព័ន្ធកីឡាអុកអន្តរជាតិកម្ពុជា ទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ហើយក៏មានការចូលរួមពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)ផងដែរ ស្របពេលមន្ដ្រីជាន់ខ្ពស់ស្ថាប័នកីឡាកំពូលមួយនេះ បានអះអាងថា នឹងជំរុញកីឡាអុកចិន ឈានចូលទៅក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា បើសិនកីឡានេះ បន្ដសក្ដានុពល និងភាពខ្លាំងរបស់ខ្លួន ។

លោក វ៉ាត់ ចំរើន បានធ្វើការកោតសរសើរ ចំពោះកីឡាករ ហេង ចំណាន  ដែលបានបង្ហាញឲ្យពិភពលោកស្គាល់ភាពរីកចម្រើនរបស់កម្ពុជា និងនាំមកនូវកិត្តិយសដ៏ធំធេងជូនជាតិ ។ លោកថា សមិទ្ធិផលនេះ មិនត្រឹមតែជាកិត្តិយសផ្ទាល់ខ្លួន ឬសហព័ន្ធនោះទេ តែគឺជាកិត្តិយសជាតិទាំងមូល ។ លើសពីនេះលោកបានសង្កត់ធ្ងន់ថា «ខ្ញុំសន្យាថា នឹងខិតខំជំរុញកីឡាអុកចិនទៅក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ឲ្យបាន បើសិនអុកចិន រក្សាបាននូវភាពខ្លាំង និងបន្ដធ្វើបានល្អក្នុងការប្រកួតផ្សេងៗ ទាំងថ្នាក់ជាតិ និងអន្ដរជាតិ» ។

ទន្ទឹមជាមួយគ្នាលោកឧកញ៉ា លី ហួត ក៏បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករ ហេង ចំណាន ផងដែរ ដែលមិនបានធ្វើឲ្យលោកខកបំណង ហើយតាមរយៈជោគជ័យនេះ លោករំពឹងវិស័យកីឡាអុកចិន នៅកម្ពុជា នឹងមានការរីកចម្រើនបន្ថែមទៀត ។ មិនតែប៉ុណ្ណោះ លោកក៏បានដាក់គោលដៅបង្កើនការអភិវឌ្ឍន៍ និងបណ្ដុះបណ្ដាលធនធានកីឡាអុកចិននៅកម្ពុជាឲ្យកាន់តែច្រើន ដើម្បីត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្ដរជាតិនានា ពិសេសគឺការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ។

ដោយឡែកសាមីខ្លួនផ្ទាល់កីឡាករ ហេង ចំណាន បានឲ្យដឹងថា ការប្រកួតលក្ខណៈពិភពលោកនេះ ទោះបីមិនមែនជាហ្គេមផ្លូវការ ប៉ុន្ដែអត្តពលិកចូលរួមជិត ២០ប្រទេស គឺសុទ្ធសឹងតែជាជើងខ្លាំង មកពីជុំវិញពិភពលោក ។ ចំណាន បញ្ជាក់ថា ប្រកួត ២ជុំដំបូង បានយកឈ្នះកីឡាករអាល្លឺម៉ង់ ២រូប មុនបន្ដយកឈ្នះកីឡាករម៉ាឡេស៊ី ២រូបនៅជុំទី៣ និងជុំទី៤ ។ ចូលដល់ជុំផ្ដាច់ព្រ័ត្រ គេបាន​បន្ដយកឈ្នះលើកីឡាករហ្វាំងឡង់ ដែលធ្វើឲ្យ ចំណាន មាន ១០ពិន្ទុច្រើនជាងគេ ដើម្បីឈ្នះលេខ១ លើវិញ្ញាសាអុកលឿនចិនតែម្ដង ។

ចំណាន បន្ដថា នេះគឺជាលើកទី១ ហើយ ដែលខ្លួនដណ្ដើមបានជើងឯកកម្រិតពិភពលោក បន្ទាប់ពីព្យាយាមរៀនលេងអុកតាំងពីឆ្នាំ២០០២ ។ ក្រោយទទួលបានជោគជ័យក្នុងអាជីពកីឡានេះ ទិសដៅបន្ទាប់ រូបគេបានអះអាងថា នឹងបន្ដការខិតខំហ្វឹកហាត់ និងប្រកួតប្រជែងកាន់តែខ្លាំង ដើម្បីត្រៀមចូលរួមការប្រកួតលក្ខណៈផ្លូវការ និងដណ្ដើមមេដាយជូនជាតិ ។ លើសពីនេះ ចំណាន ក៏បានត្រៀមខ្លួនហើយជាស្រេច ដើម្បីសម្រួចទិសដៅឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ប្រសិនបើមានវត្តមានកីឡាអុកចិន មានក្នុងស៊ីហ្គេម ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ ៕