(ភ្នំពេញ)៖ ក្រុមជើងឯកលីគកំពូលកម្ពុជា ៣ជំនាន់បឹងកេតអែហ្វស៊ី បានបន្ថែមក្បាលម៉ាស៊ីនដឹកនាំថ្មីម្នាក់ទៀតហើយ ដើម្បីជំរុញការអភិវឌ្ឍន៍ និងការប្រកួតប្រជែងកាន់តែខ្លាំង គឺលោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ដែលបានផ្ដល់កិត្តិយសធ្វើជាប្រធានកិត្តិយសរបស់ក្លឹប ។ នេះបើយោងតាមការជូនដំណឹងរបស់ក្លឹប នាល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ។

តាមរយៈសារជូនដំណឹងលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លឹបបានសរសេររថា «ក្លឹបបមានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា ឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនរាជធានីភ្នំពេញ និងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន បានផ្ដល់កិត្តិយសធ្វើជាប្រធានកិត្តិយសរបស់ក្លឹបបាល់ទាត់បឹងកេតចាប់ពីពេលនេះតទៅ ។ លើសពីនេះទៅទៀត ក្លឹបបាល់ទាត់បឹងកេត និងសហភាពសហព័ន្ធយុវជនកម្ពុជា នឹងធ្វើជាដៃគូសហការគ្នា ដើម្បីចូលរួមលើកស្ទួយវិស័យកីឡាបាល់ទាត់ យុវជន និងបរិស្ថានផងដែរ»។

ការប្រកាសនូវប្រធានកិត្តិយសនេះ បានធ្វើឡើង ស្របពេលក្លឹបមានប្រភពពីខេត្តកំពង់ចាមមួយនេះ ទើបប្រកាសផ្លាស់ប្ដូរម្ចាស់ថ្មី គឺលោកស្រី ពុទ្ធ ធីតា កាលពីថ្មីៗ ហើយលោកស្រីបានប្រកាសចំណាយលុយដ៏ច្រើន ដើម្បីដឹកនាំ និងអភិវឌ្ឍន៍ក្លឹបបឹងកេត បន្ដពីលោកឧកញ៉ា ស៊ីវ ថា ដែលបានប្រកាសលាលែង ក្រោយចាប់ផ្ដើមការប្រកួតលីគឆ្នាំ២០១៨ បានប៉ុន្មានខែ ។ យ៉ាងណាមិញវត្តមានជាប្រធានកិត្តិយសរបស់លោក សាយ សំអាល់ គេរំពឹងថា បឹងកេតនឹងកាន់តែរីកចម្រើនមួយកម្រិតទៀត នារដូវកាលក្រោយៗ ។

សូមបញ្ជាក់ថា បច្ចុប្បន្នបឹងកេត ក្នុងនាមក្រុមការពារតំណែងជើងឯក កំពុងឈរលេខរៀងទី២ ក្នុងតារាងពិន្ទុបណ្ដោះអាសន្ន នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៨ ក្រោយឆ្លងកាត់ ១៩ប្រកួតឈ្នះ១៤ ស្មើ៣ និងចាញ់ ២ មាន ៤៥ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាងណាហ្គាវើលមាន ៤៧ពិន្ទុ ស្របពេលការប្រកួតសល់ ៣សប្ដាហ៍ទៀតប៉ុណ្ណោះនឹងបញ្ចប់ ៕