(ភ្នំពេញ)៖ តាមការឱ្យដឹងរបស់ក្រសួងទេសចរណ៍ បានបញ្ជាក់ថា នាខែតុលា ឆ្នាំ២០១៨ ខាងមុខ គណៈប្រតិភូបារាំងនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា ខណៈភ្ញៀវទេសចរបារាំងដែលមកទស្សនាកម្ពុជា ក៏កំពុងមានការកើនឡើងផងដែរ។
គម្រោងទស្សនកិច្ចនេះ ត្រូវបានឱ្យដឹងក្នុងជំនួបពិភាក្សាការងាររវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក Laurent Triponey ភារធារីស្តីទីនៃស្ថានទូតបារាំងប្រចាំកម្ពុជា និងសហការី នាពេលថ្មីៗនេះនៅទីស្ដីការក្រសួងទេសចរណ៍។
កិច្ចពិភាក្សានេះផ្តោតលើប្រធានបទចំនួន២ រួមមាន៖ ១៖ ពង្រឹង និងពង្រីកទំនាក់ទំនងសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ កម្ពុជា-បារាំង ឲ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត។ ២៖ ការត្រៀមរៀបចំដំណើរទស្សនកិច្ច នៃគណៈប្រតិភូវិនិយោគ ដឹកនាំដោយទីភ្នាក់ងារអភិវឌ្ឍទេសចរណ៍បារាំង Atout France, ប្រតិបត្តិករទេសចរណ៍ធំៗរបស់បារាំង ដូចជាក្រុមហ៊ុន Club Med, Airfrance, CroisiEurope ដែលនឹងមកកម្ពុជា អំឡុងខែតុលាឆ្នាំ២០១៨ ខាងមុខនេះ។
ក្នុងជំនួបពិភាក្សាការងារនេះ លោករដ្ឋមន្រ្តី ថោង ខុន បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលបារាំង ពិសេសស្ថានទូតបារាំងប្រចាំកម្ពុជា និងសហការី ដែលបានរួមចំណែកអភិវឌ្ឍទេសចរណ៍កម្ពុជាកន្លងមក និងសម្ដែងនូវការរីករាយ និងស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូវិនិយោគបារាំង នៅប្រទេសកម្ពុជា នៅខែតុលា ខាងមុខនេះ។
លោករដ្ឋមន្រ្តីក៏បានជម្រាបជូនពីសារសំខាន់នៃវិស័យទេសចរណ៍ ក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិ ដែលទាមទារនូវការគាំទ្រ និងចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសដៃគូរអភិវឌ្ឍ និងសហប្រតិបត្តិការនានា និងជាទិសដៅបន្ត។
លោករដ្ឋមន្រ្តីបានលើកនូវចំណុចជាយុទ្ធសាស្រ្តសំខាន់មួយចំនួន និងបានស្នើឲ្យភាគីបារាំងយកចិត្តទុកដាក់លើវិស័យអាទិភាពមួយចំនួន ដើម្បីរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា ប្រកបដោយនិរន្តភាព និងការទទួលខុសត្រូវ៖
ទីមួយ៖ សារសំខាន់នៃជំនាញវិជ្ជាជីវៈទេសចរណ៍ តាមរយៈការដាក់ចេញនូវយុទ្ធនាការ «សេវាមួយ ស្តង់ដាមួយ» និង «បុគ្គលិកម្នាក់ ជំនាញមួយ» ដើម្បីរួមចំណែកពង្រឹង និងលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍។
ទីពីរ៖ ការជំរុញអភិវឌ្ឍផលិតផលទេសចរណ៍កម្ពុជា ប្រកបដោយគុណភាព និងសម្បូរបែប ពិសេសអភិវឌ្ឍកម្ពុជាជាគោលដៅទេសចរណ៍ស្អាត និងបៃតង តាមរយៈការដាក់ចេញនូវចលនាប្រលងប្រណាំងទីក្រុងស្អាត រមណីដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ ហើយក្នុងពេលខាងមុខ នឹងមានរៀបចំចលនាប្រលងប្រណាំងឆ្នេរស្អាតគំរូនៅកម្ពុជាផងដែរ។
ទីបី៖ ការពង្រឹងការសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍។ បច្ចុប្បន្ន ក្រុមប្រឹក្សាសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ត្រូវបាន បង្កើតឡើងដោយមានការចូលរួមយ៉ាងសំខាន់ពីគ្រប់ភាគីពាក់ព័ន្ធរដ្ឋ និងឯកជន ដើម្បីជំរុញ និងទ្រទ្រង់ការផ្សព្វផ្សាយទេសចរណ៍កម្ពុជា ឲ្យកាន់តែខ្លាំងក្លាថែមទៀត។
ទីបួន៖ ការពង្រឹងការគ្រប់គ្រង និងផ្សព្វផ្សាយទេសចរណ៍តាមប្រព័ន្ធបច្ចេកវិទ្យា និងប្រព័ន្ធអនឡាញ។
លោករដ្ឋមន្រ្តីក៏បានលើកឡើងពីសារសំខាន់នៃវិស័យកីឡាទេសចរណ៍ ដែលបានដើរតួនាទី និងចូលរួមយ៉ាងសកម្ម រួមចំណែកដល់ការបង្កើតផលិតផលទេសចរណ៍ និងការផ្សព្វផ្សាយកម្ពុជា តាមរយៈព្រឹត្តិការណ៍កីឡាទេសចរណ៍នានា កន្លងមក ដូចជាកីឡា Half marathon, Triathlon និងបានស្នើភាគីបារំាងជួយជំនួយបច្ចេកទេស ដើម្បីត្រៀមលក្ខណៈទទួលទេសចរ ក្នុងព្រឹត្តិកាណ៍កីឡាទេសចរណ៍ធំៗ ដែលកម្ពុជាត្រៀមរៀបចំ ដូចជា Asian Beach Games នៅឆ្នាំ២០២២ និងកីឡា SEA Games នៅឆ្នាំ២០២៣ ផងដែរ។
ជាលទ្ធផល ភាគីទាំងពីរបានឯកភាពត្រៀមរៀបចំសេចក្តីព្រាងអនុស្សរណៈយោគយល់ ស្តីពីសហប្រតិបត្តិការលើវិស័យទេសចរណ៍ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបារាំង ដើម្បីចុះហត្ថលេខា នាពេលខាងមុខ។
បច្ចុប្បន្ន ទេសចរបារាំងដែលមកទស្សនាកម្ពុជា ក្នុងឆ្នាំ២០១៧ មានចំនួន ១៦៦,៣៥៦នាក់ កើនឡើង ១០.៧% ឈរលំដាប់ទី១០ ហើយក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៨ កម្ពុជាទទួលទេសចរបារាំងចំនួន ៨៥,៩០៦នាក់ កើនឡើង ៣% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧ ឈរលំដាប់ទី៨៕