(ភ្នំពេញ)៖ លោក សួស យ៉ារ៉ា សមាជិករដ្ឋសភាកម្ពុជា បានធ្វើលិខិតមួយច្បាប់ជូន លោក ហ្ស៊ក ប៉ាប៉ាន់ដ្រ្តូ (George Papandreou) ប្រធានអង្គការសង្គមនិយមអន្តរជាតិ ដើម្បីជំរុញឱ្យទាមទារដល់គណបក្ស S&D ដកសំណើដែលប្រឆាំងលទ្ធិប្រជាធិបតេយ្យ សន្តិភាព និងការអភិវឌ្ឍកម្ពុជា។ នេះបើតាមលិខិតរបស់ លោក សួស យ៉ារ៉ា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ។
លោក សួស យ៉ារ៉ាបានបញ្ជាក់ថា «ក្នុងនាមជាដៃគូរបស់អង្គការសង្គមនិយមអន្តរជាតិ ខ្ញុំសូមស្នើប្រធានអង្គការសង្គមនិយមអន្តរជាតិ ឱ្យពិចារណាឱ្យបានម៉ត់ចត់ចំពោះ សំណើអវិជ្ជមាន ដែលបានស្នើឡើងដោយក្រុមគណបក្សនយោបាយ S&D នៅក្នុងសភាអឺរ៉ុបស្តីពីនយោបាយក្នុងប្រទេសកម្ពុជា ហើយសូមទាមទារឱ្យពួកគេដកសំណើនេះជាបន្ទាន់ ទើបគណបក្សប្រជាជនកម្ពុជា និងអង្គការសង្គមនិយមអន្តរជាតិ អាចបន្តមិត្តភាពជិតស្និទ្ធ និងធ្វើការរួមគ្នា ដើម្បីសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ (UNSDGs) សម្រាប់ប្រជាជនទាំងអស់គ្នា»។
លោកបានបញ្ជាក់ទៀតថា ពាក្យស្នើសុំឱ្យមានដំណោះស្រាយដែលត្រូវបានដាក់ស្នើដោយ ក្រុមគណបក្សនយោបាយសង្គមនិយម និងប្រជាធិបតេយ្យនិយម (S&D Group) នៅក្នុងសភាអឺរ៉ុប កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ គឺប្រឆាំងនឹងវឌ្ឍនភាព នៃលទ្ធិប្រជាធិបតេយ្យ សន្តិភាព និងការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងសំណើនេះ កម្ពុជាត្រូវបានវិនិច្ឆ័យដោយផ្អែកលើស្តង់ដារ នៃលទ្ធិប្រជាធិបតេយ្យ យុត្តិធម៌ និងច្បាប់ របស់ក្រុមគនបក្សនយោបាយ S&D។ វាមិនបានផ្អែកលើនីតិរដ្ឋនៅកម្ពុជា លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងតម្រូវការរបស់ប្រជាជនកម្ពុជាឡើយ។ សំណើនេះ មានភាពលម្អៀង ហើយសំណើនេះ មាននិន្នការបម្រើប្រយោជន៍របស់អតីតគណបក្សសង្រ្គោះជាតិ៕
ខាងក្រោមនេះជាលិខិតរបស់តំណាងរាស្រ្តកម្ពុជា លោក សួស យ៉ារ៉ា៖