(កំពង់ចាម)៖ ដើម្បីការពារផលប្រយោជន៍អ្នកប្រើប្រាស់ និងចូលរួមទប់ស្កាត់ផលប៉ះពាល់ ដល់សុខភាពអ្នកប្រើតាមរយៈចំណីអាហារ លោក ស៊ាន ស៊ីណា ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ចាម នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានបន្តចុះត្រួតពិនិត្យរាល់មុខទំនិញ ដែលអាជីវករដាក់តាំងលក់ ក្នុងផ្សារធំថ្មីកំពង់ចាម រកឃើញទំនិញខុចគុណភាពមួយចំនួនផងដែរ។
លោក ស៊ាន ស៊ីណា បានថ្លែងថា ការចុះពិនិត្យរាល់មុខទំនិញបន្លែត្រីសាច់គ្រឿងភេសជ្ជៈការចុះប្រតិបត្តិការនេះ ធ្វើឡើងដោយផ្អែកទៅលើច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្តិភាពផលិតផលទំនិញ និងសេវាកិច្ចសម្របសម្រួលពាណិជ្ជកម្ម តាមរយៈគ្រប់គ្រងហានិភ័យដែលការត្រួតពិនិត្យ លក្ខណៈរូបវ័ន្តត្រួតពិនិត្យលក្ខណៈទូទៅខាងក្រៅរបស់ម្ហូបអាហារទៅស្លាកសញ្ញាសំបកវេចខ្ចប់ការបរិច្ឆេទកំប៉ុងកំពិតប៉ោងរលួយ។ល។
ក្រៅពីនេះ ក្រុមជំនាញនឹងត្រួតពិនិត្យគុណភាព និងភាពអនុលោម ដោយធ្វើការវិភាគ ជាបឋមទៅផលិតផលទំនិញដោយប្រើ Test kit ដើម្បីស្វែងរកសាធាតុគីមី ដែលហាមឃាត់ដូចជា៖ ប៉ូរ៉ាក់ និងហ្វ័រម៉ាលីនជាដើម ក្នុងករណីមានការសង្ស័យត្រូវយកគំរូបញ្ជូនទៅវិភាគបន្តនៅមន្ទីរពិសោធន៍របស់អគ្គនាយដ្ឋានកាំកុងត្រូលដើម្បីកំណត់រកហានិភ័យ។
ទំនិញខូចគុណភាពដែលមន្ត្រីជំនាញត្រួតពិនិត្យរកឃើញរួមមាន៖ ស្ករគ្រាប់ម៉ាក Candy ចំនួន២០កញ្ចប់, ទឹកដោះគោម៉ាក Ducth Milk ៣៦កញ្ចប់ និងស្ករគ្រាប់ម៉ាក Miwo ចំនួន១១កញ្ចប់៕