(ភ្នំពេញ)៖ លោក Beat Richner កើតនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៤៧, បន្ទាប់ពីបានទទួលសញ្ញាបត្រ ផ្នែកវេជ្ជសាស្ត្រ នៅឆ្នាំ១៩៧៣ លោក Beat Richner បានក្លាយជាអ្នកជំនាញឯកទេស ផ្នែកពេទ្យកុមារ នៅឯមន្ទីរពេទ្យ Zurich Children ។ នៅឆ្នាំ១៩៧៤ ដល់១៩៧៥ លោកត្រូវបានកាកបាទក្រហម នៃប្រទេសស្វីស បញ្ជូនមកកាន់ប្រទេសកម្ពុជា ដើម្បីធ្វើការនៅមន្ទីរពេទ្យគន្ធបុប្ផា តែបេសកកម្មរបស់លោក បានបញ្ចប់ទៅវិញ នៅពេលដែលប្រទេសកម្ពុជា ធ្លាក់ក្នុងរបបខ្មែរក្រហម។ ពេលនោះលោកវេជ្ជបណ្ឌិត Richner ត្រូវបានគេបង្ខំ ឱ្យវិលត្រលប់ទៅប្រទេសស្វីសវិញ។

ខណៈដែលកំពុងបន្តអាជីពផ្នែកសុខាភិបាល ក្នុងឆ្នាំ១៩៧២ លោក Beat Richner ក៏បានក្លាយជាអ្នកសម្តែង និងត្លុកកំប្លែង BEATOCELLO ដែលលេងឧបករណ៍ភ្លេង Cello ។ លោកបានសម្តែងជាច្រើនលើករាប់មិនអស់ ដោយភាគច្រើននៅក្នុងតំបន់មួយនៃប្រទេស ស្វីស ដែលនិយាយភាសាអាល្លឺម៉ង់។ លោក Beat Richner ក៏បានបោះពុម្ពសៀវភៅជាច្រើនក្បាល ដែលភាគច្រើនជាសៀវភៅកុមារ អមជាមួយនឹងការសម្តែង និងសាច់រឿងបែបកំណាព្យរបស់លោក។

* មន្ទីរពេទ្យគន្ធបុប្ផា I

នៅខែធ្នូ ឆ្នាំ១៩៩១ លោកវេជ្ជបណ្ឌិត Richner បានស្នើរដ្ឋាភិបាលកម្ពុជា ឱ្យជួសជុលឡើងវិញ និងគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផា ដែលត្រូវបានបំផ្លិចបំផ្លាញក្នុងសម័យសង្គ្រាម។ ជាថ្មីម្តងទៀត ជីវិតរបស់គាត់បានផ្លាស់ប្តូរភ្លាមៗ ក្រោយលោកទទួលបានការងារធ្វើ។ នាខែមីនា ឆ្នាំ១៩៩២ លោកបានបង្កើតមូលនិធិមួយនៅទីក្រុងហ្ស៊ុរីច ហើយបានផ្លាស់មករស់នៅ និងបំពេញការងារនៅរាជធានីភ្នំពេញ។ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ១៩៩២ មន្ទីរពេទ្យគន្ធបុប្ផា ត្រូវបានដាក់ឱ្យដំណើរការឡើងវិញ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយមក មន្ទីរពេទ្យនេះត្រូវបានគេពង្រីកបន្ថែម និងធ្វើកំណែទម្រង់ ដើម្បីបំពេញតម្រូវការរបស់អ្នកជំងឺ។

* មន្ទីរពេទ្យគន្ធបុប្ផា II

នាឆ្នាំ១៩៩៥ មន្ទីរពេទ្យគន្ធបុប្ផា I បានក្លាយជាមន្ទីរពេទ្យ ដែលទទួលអ្នកជំងឺច្រើនលើសលុប គឺមានមនុស្សប្រមាណជាង១,០០០នាក់ជារៀងរាល់ថ្ងៃ និងជាង៣៥០នាក់ ទទួលការព្យាបាល។ ព្រះមហាក្សត្រព្រះបាទនរោត្តមសីហនុ បានផ្តល់ដីព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ ដើម្បីសាងសង់មន្ទីរពេទ្យថ្មីមួយទៀត។ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ១៩៩៦ មន្ទីរពេទ្យគន្ធបុប្ផាទី II ត្រូវបានសម្ពោធ នៅក្រោមព្រះវត្តមានដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ ព្រះបាទនរោត្តមសីហនុ និងលោក ហ្សង់ ប៉ាស្កាលដេលមូរ៉ាស ប្រធានសហព័ន្ធក្រុមប្រឹក្សាសហព័ន្ធស្វីស។

* មន្ទីរពេទ្យព្រះបាទជ័យវរ្ម័នទី៧

នៅថ្ងៃទី៩ ខែមីនា ឆ្នាំ១៩៩៨ ដីមួយកន្លែងត្រូវបានសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បរិច្ចាគតាមគំនិតផ្តួចផ្តើមរបស់លោក ចម ប្រសិទ្ធ កាលលោកនៅជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដើម្បីសាងសង់មន្ទីរពេទ្យកុមារទីបី នៅខេត្តសៀមរាបនៅជិតប្រាសាទអង្គរវត្ត។ មន្ទីរពេទ្យកុមារទី៣ របស់លោកវេជ្ជបណ្ឌិត Beat Richner បានបើកដំណើរការនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ១៩៩៩ ជាឧបសម្ព័ន្ធនៃមន្ទីរពេទ្យគន្ធបុប្ផា I និង II ។ មិនខុសពីមន្ទីរពេទ្យគន្ធបុប្ផាI និងII រាល់ការព្យាបាលទាំងអស់ គឺដោយឥតគិតលុយនោះឡើយ សម្រាប់កុមារគ្រប់រូប។ មន្ទីរពេទ្យនេះ មានមជ្ឈមណ្ឌលបង្ការ និងអប់រំសុខភាពដ៏ធំ ដែលសមស្របសម្រាប់ការព្យាបាលកុមារ ដែលមានជំងឺធ្ងន់ធ្ងរ និងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។ ការរចនាមន្ទីរពេទ្យថ្មីនេះ គឺជាលទ្ធផល ដែលបានមកពីនៃបទពិសោធន៍នៃការដំណើរការរយៈពេល៧ឆ្នាំនៃ មន្ទីរពេទ្យគន្ធបុប្ផានៅក្នុងរាជធានីភ្នំពេញ។

* មន្ទីរពេទ្យគន្ធបុប្ផាទី IV

នៅឆ្នាំ២០០៤ មន្ទីរពេទ្យគន្ធបុប្ផា I នៅរាជធានីភ្នំពេញ បានប្រែក្លាយទៅជាមន្ទីរពេទ្យដ៏តូចចង្អៀត ហើយអគារពីរ ក្នុងចំណោមអាគារទាំងបី នៃមន្ទីរពេទ្យនេះ ស្ថិតនៅក្នុងស្ថានភាពយ៉ាប់យឺន និងគ្រោះថ្នាក់បំផុត។ បើគ្មានអាគារថ្មីទេ មន្ទីរពេទ្យគន្ធបុប្ផា I មិនអាចដំណើរការបានតទៀតឡើយ។ ការសាងសង់មន្ទីរពេទ្យថ្មី បានចាប់ផ្តើមនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០០៤ បន្ទាប់ពីបានទិញបានដីមួយកន្លែងនៅជិតវត្តភ្នំ។ មន្ទីរពេទ្យកុមារគន្ធបុប្ផា ទី IV ត្រូវបានសម្ពោធនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០០៥។ អាគារមួយក្នុងចំនោមអាគារចំនួនបី របស់មន្ទីរពេទ្យគន្ធបុប្ផា I បន្តត្រូវបានប្រើប្រាស់ ហើយផ្នែកខ្លះទៀត ត្រូវបានជួសជុលឡើងវិញ។ មន្ទីរពេទ្យគន្ធបុប្ផា IV ត្រូវបានផ្សារភ្ជាប់ជាមួយនឹងមន្ទីពេទ្យគន្ធបុប្ផា I ។

មន្ទីរពេទ្យនេះ មានគ្រែចំនួន៥៥៥ បន្ទប់វះកាត់ចំនួន៤ បំពាក់ដោយបន្ទប់ពិសោធន៍ ធនាគារឈាម មន្ទីរ X Ray អេកូស័រ ៤ និងម៉ាស៊ីនស្កេនស័រមួយគ្រឿង។ តម្លៃសរុបនៃការសាងសង់មន្ទីរពេទ្យនេះ គឺ១៥លានដុល្លារ។ លោក Beat Rcihner បានស្នើសុំឱ្យប្រជាជនស្វីស រួមចំណែកដោយការបរិច្ចាគថវិកា សម្រាប់ឧបត្ថម្ភដល់មន្ទីរពេទ្យ។ យុទ្ធនាការនេះ ទទួលបានការគាំទ្រ ពីសំណាក់សិស្សសាលា និងប្រជាជនទូទាំងប្រទេសស្វីស។

* មន្ទីរពេទ្យគន្ធបុប្ផា V ដែលជាមន្ទីរពេទ្យចុងក្រោយស្ថិតនៅរាជធានីភ្នំពេញ

មិនយូរប៉ុន្មាន បន្ទាប់ពីពិធីសម្ពោធមន្ទីរពេទ្យគន្ធបុប្ផា IV មន្ទីរពេទ្យនេះពេញដោយមនុស្សច្រើនកុះករ ហើយក្នុងឆ្នាំ២០០៦ ចំនួនអ្នកជំងឺទទួលសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅភ្នំពេញបានកើនឡើង៥០ភាគរយ។ ហេតុនេះ ទើបមានការសម្រេចសាងសង់គន្ធបុប្ផា V ដែលត្រូវបានសម្ពោធនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០០៧ ក្រោមព្រះវត្តមានដ៏ខ្ពង់ខ្ពស់ នៃព្រះមហាក្សត្រ នរោត្តម សីហមុនី សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ មន្ទីរពេទ្យគន្ធបុប្ផាថ្មី មានគ្រែសម្រាកព្យាបាលសរុបប្រហែល៣០០គ្រែ និងចំណាយអស់ប្រាក់ប្រមាណជាង ៩លានដុល្លារអាមេរិក។

ការពង្រីកនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ នៅខេត្តសៀមរាប ត្រូវបានសម្ពោធដោយលោកវេជ្ជបណ្ឌិត Beat Richner ក្រោមព្រះវត្តមានរបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី និងសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ មន្ទីរពេទ្យគន្ធបុប្ផា បានក្លាយទៅជាគំរូ ដែលទទួលបានការគោរព និងកោតសរសើរយ៉ាងខ្លាំង នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល ដោយវាបង្ហាញពីប្រសិទ្ធិភាពនៃការផ្ដល់ជំនួយផ្នែកវេជ្ជសាស្រ្ត និងជំនួយផ្ទាល់ដោយផ្ទាល់ និងការព្យាបាលដ៏ត្រឹមត្រូវ ជួយដល់កុមារកម្ពុជា ។

សូមជម្រាបថា មូលនិធិភាគច្រើន ទទួលបានពីប្រជាពលរដ្ឋស្វីស ជាពិសេសបន្ទាប់ពីការសម្តែងរបស់ BEATOCELLO របស់លោក Richner សម្រាប់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផា ។
ក្នុងរយៈពេល២៣ ឆ្នាំចុងក្រោយនេះ មន្ទីរពេទ្យគន្ធបុប្ផា បានព្យាបាលអ្នកជំងឺសរុបចំនួន១៣លាននាក់ និងកុមារមានស្ថានភាពជំងឺធ្ងន់ចំនួន១,៥៦លាននាក់។

សូមជម្រាបថា លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ (Prof. Dr. Beat Richner) ស្ថាបនិកមូលនិធិគន្ធបុប្ផា បានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ១៤រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងជន្មាយុ ៧១ឆ្នាំ ដោយរោគាពាធ នៅប្រទេសស្វីស៕

ព័ត៌មានលម្អិត​៖ http://www.beat-richner.ch/Assets/richner_history.html