(កំពង់ចាម)៖ កម្លាំងនគរបាលខេត្តកំពង់ចាម ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឯម កុសល នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបន្ដបើកប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់មួយកន្លែងទៀត នៅស្រុកកំពង់សៀម។
របាយការណ៍របស់លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ប្រតិបត្តិការនេះលោកស្នងការ បានបញ្ជាអធិការនគរបាលស្រុកកំពង់សៀម សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរអាង កៀនជ្រៃ និងរំចេក រដ្ឋបាលជលផលខេត្តកំពង់ចាម និងក្រុមប្រឹក្សាឃុំ ដឹកនាំដោយលោក យី វណ្ណៈ អភិបាលរងស្រុកកំពង់សៀម ដោយមានការចង្អុលបង្ហាញពីលោក ប៊ិន ឡាដា អភិបាលស្រុកកំពង់សៀម។
របាយការណ៍ដដែលបន្ថែមថា ទីតាំងប្រព្រឹត្តបទល្មើសនេះ នៅចំណុចឃុំរអាង កៀនជ្រៃ និងរំចេក ស្រុកកំពង់សៀម ខេត្តកំពង់ចាម
ដោយជាលទ្ធផលកម្លាំងជំនាញដកហូតបាន លូស្បៃមុង ចំនួន១០៥មាត់, របាំងស្បៃមុង ប្រវែង២,១៥០ម៉ែត្រ, បង្គោលចម្រឹង ចំនួន២,១០០ដើម និងចាក់លែងកូនត្រីចម្រុះ ចូលក្នុងបឹងធម្មជាតិ ចំនួន៣១៥គីឡូក្រាម។
ចំពោះសម្ភារវត្ថុតាង បានដុតបំផ្លាញចោលនៅនឹងចំណុចបរិវេណក្រោយវត្តកៀនជ្រៃក្រៅ ឃុំកៀនជ្រៃ ដោយមានការឯកភាពពី លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម៕