(ភ្នំពេញ)៖ សមាគមវេជ្ជសាស្ត្រ ឱសថសាស្ត្រ និងទន្តសាស្ត្រ និងសមាគមអ្នកលក់ឱសថកម្ពុជា ដែលមានលោកបណ្ឌិត ឡី សុភាព ជាប្រធានដឹកនាំដ៏សកម្ម បានប្រកាសគោលជំហរគាំទ្រយ៉ាងមុតមាំ ចំពោះការដឹកនាំរបស់ក្រសួងសុខាភិបាល ដែលមានលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង ជារដ្ឋមន្ត្រី ព្រមទាំងបានប្ដេជ្ញាចូលរួមលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា ឱ្យកាន់តែមានភាពប្រសើរឡើងថែមទៀតផងដែរ។
គួរបញ្ជាក់ថា សមាគមវេជ្ជសាស្ត្រ ឱសថសាស្ត្រ និងទន្តសាស្ត្រ ព្រមជាមួយនឹងសមាគមអ្នកលក់ឱសថកម្ពុជា គឺជាដៃគូឯកជនដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកការផ្សព្វផ្សាយ ការបណ្ដុះបណ្ដាលចំណេះដឹងច្បាប់ បទបញ្ជា នីតិវិធី និងវិធានានា ដែលពាក់ព័ន្ធនឹងវិស័យសុខាភិបាល និងវិស័យពាក់ព័ន្ធដទៃទៀត។
សមាគមទាំងពីរបញ្ជាក់ថា ទោះបីវិស័យសុខាភិបាលកម្ពុជា នៅមិនទាន់ឈានដល់ដំណាក់កាលលេចធ្លោជាងបណ្ដាប្រទេសនានាយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នៅតែខិតខំប្រឹងប្រែងអភិវឌ្ឍន៍វិស័យដ៏ចម្បងមួយនេះជាប់ជាប្រចាំ។ មួយទៀតសោត ក្រសួងសុខាភិបាល ក្រោមការដឹកនាំរបស់លោក ម៉ម ប៊ុនហេង ក៏បាននិងកំពុងធ្វើឱ្យវិស័យសុខាភិបាលនៅកម្ពុជា ឱ្យកាន់តែមានភាពល្អប្រសើរជាងមុនផងដែរ។
ក្នុងនាមប្រធានសមាគម លោកបណ្ឌិត ឡី សុភាព បានបញ្ជាក់ពីការប្ដេជ្ញាយ៉ាងមុតមាំរួមចំណែកជាមួយរាជរដ្ឋាភិបាល អាណត្តិថ្មី ពិសេសក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់វិស័យសុខាភិបាល ក៏ដូចជាចូលរួមក្នុងការបញ្ជ្រាបចំណេះដឹងនានាក្នុងវិស័យសុខាភិបាល ឱ្យកាន់តែមានភាពល្អប្រសើរឡើង៕