(ប៉ៃលិន)៖ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០១៨ មន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន ក្រោមកិច្ចសហការរៀបចំដោយ វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ និងនាយកដ្ឋាននាំចេញ-នាំចូល នៃក្រសួងពាណិជ្ជកម្ម បានបើកវគ្គបណ្តុះបណ្តាលស្តីពី ការស្វែងរកទីផ្សារកសិផលដំឡូងមី និងពោត ក្រោមអធិបតីភាពលោក​ ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពីម្ចាស់សៃឡូ អាជីវករ ពាណិជ្ជករ ម្ចាស់សហគ្រាស ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម ជាច្រើននាក់ផងដែរ។ 

លោក សួន វិជ្ជា ប្រធានវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ នៃក្រសួងពាណិជ្ជកម្ម បានថ្លែងថា៖ បច្ចុប្បន្នទីផ្សារដំឡូងមី និងពោតក្រហម កំពុងមានសក្តានុពលជាខ្លាំង សម្រាប់ប្រទេសកម្ពុជា ជាពិសេសនៅក្នុងតំបន់ ស្ថិតនៅភូមិភាគពាយ័ព្យក្នុងភូមិសាស្ត្រ ខេត្តប៉ៃលិន ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដូច្នេះវិស័យកសិម្មនេះ គឺជាវិស័យដែលឈានមុខមួយ សម្រាប់ប្រជាជនកម្ពុជា ហើយបានបង្កើនប្រាក់ចំណេញ ដើម្បីទ្រទ្រង់ជីវភាពរស់នៅរបស់កសិករក្នុងតំបន់។

លោក ​ផាន់ ចាន់ធុល បានកោតសសើរដល់ក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន ដែលរៀបចំឲ្យមានវគ្គបណ្តុះបណ្តាលនេះឡើង ដើម្បីមានភាពងាយស្រួលក្នុងការស្វែងយល់ និងចែករំលែកបទពិសោធន៍ទៅវិញទៅមក ជាពិសេស អាចឲ្យម្ចាស់សៃឡូ អាជីវករ ពាណិជ្ជករ ម្ចាស់សហគ្រាស ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យមនៅជុំវិញខេត្ត មានការអភិវឌ្ឍន៍កសិកម្ម ឲ្យកាន់រីកចម្រើនបន្ថែមទៀត។

លោកបន្តថា​ ការស្វែងរកទីផ្សារកសិផលដំឡូងមី និងពោត គឺជាតម្រូវការ និងសក្តានុពលមួយមិនអាចខ្វះបានឡើយ ព្រោះទីផ្សារកសិកម្មដំឡូងមី និងពោត គឺមានភាពឈានមុខនិងតម្រូវការច្រើនឡើងៗ សម្រាប់ទីផ្សារក្រៅស្រុក ហើយវាក៏ជាភាពលេចធ្លោផ្នែកកសិកម្មរបស់ខេត្តប៉ៃលិនផងដែរ។

លោកអភិបាលខេត្ត បានបន្តថា ក្នុងនាមអាជ្ញាធរខេត្ត គឺធ្វើយ៉ាងណាចង់ឲ្យទីផ្សារកសិផលរបស់កសិករ កាន់តែមានភាពល្អប្រសើរ និងតម្លៃទីផ្សារខ្ពស់ ហើយមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការរកទីផ្សាកសិផល ដោយខិតខំរកដៃគូវិនិយោគលើផ្នែកកសិកម្ម ព្រមទាំងលើកកម្ពស់ទីផ្សារកសិកម្មឲ្យកាន់តែសម្បូរបែបទៀតផង ដែលនេះជាឱកាសមួយដែលអាចជួយឲ្យប្រជាកសិករ មានភាពងាយស្រួលក្នុងការទិញ-លក់ ដោយមានទីផ្សារតំលៃស្ថិតស្ថេរនិងច្បាស់លាស់ផងដែរ។

លោក សុខ សាធីម ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត បានឲ្យដឹងថា នៅខេត្តប៉ៃលិន ទីផ្សារកសិផលដំឡូងមី និងពោតក្រហម ត្រូវបានលក់ទៅកាន់ទីផ្សារប្រទេស០៣សំខាន់ៗ រួមមាន៖ ប្រទេសថៃ ប្រទេសវៀតណាម និងប្រទេសចិន និងផ្គត់ផ្គង់ឱ្យក្រុមហ៊ុន ស៊ីភី សាខាខេត្តប៉ៃលិន សម្រាប់ផលិតចំណីសត្វ គឺក្នុងឆ្នាំ២០១៧ ពោតក្រហមមានចំនួន៨៤៦០០តោន និងដំឡូងមីស្ងួត ចំនួន ៣០៣៣៩តោន៕