(ព្រះវិហារ)៖ សុវត្ថិភាពម្ហូបអាហារ ជាករណីពិសេសមួយដែលបងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប គួរមានការយល់ដឹង និងត្រូវចេះត្រួតពិនិត្យមើលឲ្យបានច្បាស់លាស់ មុនទិញយកទៅទទួលទាន នៅតាមគេហដ្ឋាន ឫក៏យកទៅទទួលទាន ក្នុងដំណើរកំសាន្ត ឫកម្មវិធីជួបជុំគ្នាផ្សេងៗ។ ប៉ុន្តែមួយរយៈនេះ គេសង្កេតឃើញទំនិញមួយចំនួន ដែលខូចគុណភាព ឫហួសកាលបរិច្ឆេទប្រើប្រាស់ ត្រូវបានភ្នាក់ងារក្រុមហ៊ុន ឫក៏អ្នកទិញលក់បន្តដឹកយកទៅលក់នៅតាមផ្សារនានា តាមទីជនបទដាច់ស្រយ៉ាល។
ក្នុងន័យបង្ការ និងទប់ស្កាត់ទំនិញខូចគុណភាពទាំងនោះ មិនឲ្យមានការលក់ដូរនៅតាមទីផ្សារតាមទីជនបទនោះ សាខាកាំកុងត្រូលខេត្តព្រះវិហារ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យទំនិញនៅតាមទីផ្សារនានា ក្នុងខេត្តព្រះវិហារ និងបានដកហូតទំនិញដែលហួសកាលបរិច្ឆេទជាច្រើនមុខ យកទៅដុតកម្ទេចចោលផងដែរ។
ជាក់ស្តែងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ មន្ត្រីកាំកុងត្រូលខេត្តព្រះវិហារ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យទំនិញក្នុងផ្សារស្វាយប៉ាត ស្ថិតក្នុងឃុំស្វាយប៉ាត ឃុំរដោះស្រុករវៀង ខេត្តព្រះវិហារ។ ជាលទ្ធផល បានរកឃើញ និងដកហូតទំនិញខូចគុណភាពរួមមាន៖ ទឹកក្រូចចំណុះ២១.៩៤លីត្រ ទឹកស៊ីរ៉ូចំណុះ៤.៥លីត្រ ទឹកផ្លែឈើចំណុះ៧.២គីឡូក្រាម កាហ្វេកំប៉ុងចំណុះ៣.៧៨លីត្រ មីម៉ាម៉ាទម្ងន់២.៤គីឡូក្រាម និងនំទម្ងន់0.77ក្រាមផងដែរ។
លោក ដួង មុនី ប្រធានសាខាកាំកុងត្រូលខេត្តព្រះវិហារ បានឲ្យដឹងថា ទំនិញដែលខូចគុណភាពហួសកាលបរិច្ឆេទ ត្រូវបានប្រមូលយកទៅដុតកម្ទេចចោលផងដែរ។
ជាមួយគ្នានោះ លោកប្រធានកាំកុងត្រូល ក៏បានណែនាំឲ្យបងប្អូនអាជីវករ ត្រូវធ្វើការត្រួតពិនិត្យមើលគ្រប់មុខទំនិញ ដែលបានទិញយកមកលក់បន្ត ត្រូវពិនិត្យមើលកាលបរិច្ឆេទថ្ងៃផលិត ពិនិត្យឲ្យបានច្បាស់លាស់ ជៀសវាងយកមកលក់ដូរធ្វើឲ្យប៉ះប៉ាល់ដល់សុខភាពប្រជាពលរដ្ឋ៕