(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ នៅវេលាម៉ោង០៤៖១៥នាទីរសៀល ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ បន្ទាប់ពីបញ្ចប់ការងារ ប្រកបដោយផ្លែផ្កានៅក្នុងប្រទេសចិន និងប្រទេសវៀតណាម។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូ ទៅប្រទេសចិន កាលពីថ្ងៃទី១០ ខែកញ្ញា កន្លងទៅ ដើម្បីចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី១៥ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី។ នៅលើទឹកដីចិនសម្តេចតេជោ ហ៊ុន សែន បានជួបជាមួយនិស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសចិន បន្ទាប់មកក៏បានជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ចិន ក៏ដូចជាអ្នកវិនិយោគរបស់ចិនផងដែរ មុនឈានទៅចូលរួមបើកពិព័រណ៍ចិន-អាស៊ាន នៅថ្ងៃទី១២ ខែកញ្ញា។
បន្ទាប់ពីបានអញ្ជើញចូលរួមបើកពិព័រណ៍ និងថ្លែងសុន្ទរកថារួចរាល់ហើយនោះ សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ម្សិលមិញនេះ ក៏បានដឹកនាំគណៈប្រតិភូហោះចេញពីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន ហោះត្រង់ទៅកាន់ទីក្រុងហាណូយ ប្រទេសវៀតណាម ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក។
ក្នុងដំណើរចេញទៅក្រៅប្រទេសជាលើកដំបូងក្រោយបង្កើតរាជរដ្ឋាភិបាលថ្មីនៅលើទឹកដីចិន និងវៀតណាមនេះ សម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែងផ្សព្វផ្សាយពីសក្តានុពលរបស់ប្រទេសកម្ពុជា ក៏ដូចជាការតាំងចិត្តធ្វើកំណែទម្រង់មួយចំនួនរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ដើម្បីទាក់ទាញអ្នកវិនិយោគពីចិន ក៏ដូចជាបណ្តាប្រទេសនានា មកកាន់តែប្រទេសកម្ពុជាឲ្យបានកាន់តែច្រើនថែមទៀត នាំមកនូវប្រយោជន៍ជូនជាតិ និងប្រជាជនកម្ពុជា៕