(តៃនីញ-វៀតណាម)៖ លោក ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង (ស.ស.យ.ក) បានដឹកនាំប្រតិភូ ស.ស.យ.ក ទៅចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែមានភាពល្អប្រសើរ។
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ បានធ្វើឡើងនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោក ផាម វ៉ាន់តឹន ប្រធានគណៈកម្មាធិការប្រជាជនខេត្តតៃនិញ។
ប្រតិភូ ស.ស.យ.ក ខេត្តស្វាយរៀង ដែលចូលរួមក្នុងឱកាសនោះរួមមាន៖ លោក តូច ប៉ូលីវ៉ា, លោក ទុំ សារាវុធ, លោក ហួត ឃាងវេង អនុប្រធាន ស.ស.យ.ក ខេត្តស្វាយរៀង, សមាជិកគណៈអចិន្ត្រៃយ៍ និងសមាជិកគណៈកម្មាធិការ ស.ស.យ.ក ខេត្តស្វាយរៀង, ប្រធានលេខាធិការដ្ឋាន ស.ស.យ.ក ខេត្តស្វាយរៀង ព្រមទាំងសមាជិក សមាជិកា ស.ស.យ.ក ខេត្តស្វាយរៀង នៅតាមក្រុងស្រុកជាប់ព្រំប្រទល់ជាមួយខេត្តតៃនិញ ចំនួន៥៧នាក់ផងដែរ។
លោក ម៉ែន វិបុល បានអបអរសាទរ និងសម្ដែងការគាំទ្រ ចំពោះអនុស្សរណៈយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការ រវាងអង្គភាពយុវជន នៃខេត្តទាំងពីរ ដោយសេចក្តីសោមនស្សជាទីបំផុត។
ក្នុងនាមអាជ្ញាធរខេត្តស្វាយរៀង លោកអភិបាលខេត្ត បានចាត់ទុកថា នេះជាគំនិតផ្ដួចផ្ដើមមួយ ដែលឆ្លុះបញ្ចាំងឲ្យឃើញអំពីឆន្ទៈដ៏មុះមុតប្រកបដោយគំនិតច្នៃប្រឌិតរបស់យុវជន ក្នុងការគាំទ្រ និងរួមចំណែកជាមួយរដ្ឋាភិបាល របស់ប្រទេសទាំងពីរ ក្នុងការបន្តពួនជ្រុំ នូវប្រពៃណីទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការលើគ្រប់វិស័យឲ្យកាន់តែរឹងមាំ គង់វង្ស និងយូរអង្វែង។
ជាមួយនេះ លោកអភិបាលខេត្ត ក៏បានបង្ហាញនូវសុទិដ្ឋិនិយមយ៉ាងវិជ្ជមាន ចំពោះកិច្ចសហប្រតិបត្តិការនេះយ៉ាងខ្លាំងផងដែរ៕