(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត ទ្រឹង ធីឡីវ ឯកទេសជំងឺទឹកនោមផ្អែម មកពីមន្ទីរពេទ្យជោរៃហូជីមីញ បានបញ្ជាក់ថា ចំនួននៃអ្នកដែលកើតជំងឺទឹកនោមផ្អែម នៅទូទាំងពិភពលោក នាពេលបច្ចុប្បន្នត្រូវបានអ្នកក្រុមអ្នកជំនាញរកឃើញថា មានអ្នកជំងឺរហូតដល់៤៤២លាននាក់ ហើយអ្នកជំនាញទាំងនោះបានប៉ាន់ប្រមាណថា អ្នកជំងឺនេះនឹងកើតដល់៥៥២លាននាក់ នៅក្នុងឆ្នាំ២០៣០ខាងមុខ។

លោកស្រីវេជ្ជបណ្ឌិតបញ្ជាក់បែបនេះ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងកម្មវិធីពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ជូនអ្នកជំងឺទឹកនោមផ្អែមកម្រិត២ និងអាហារូបត្ថម្ភចំនួន៥០នាក់ នៅមន្ទីរពេទ្យជោរៃភ្នំពេញ ដែលមានការសហការជាមួយក្រុមហ៊ុនឱសថ DHG Pharma។

លោកស្រីវេជ្ជបណ្ឌិត ទ្រឹង ធីឡីវ បានលើកឡើងថា «ទាក់ទងនឹងបញ្ហាអ្នកកើតជំងឺទឹកនោមផ្អែក នៅទូទាំងពិភពលោក ត្រូវបានគេស្រាវជ្រាវយ៉ាងច្បាស់លាស់ និងត្រឹមត្រូវ នៅក្នុងឆ្នាំ២០១៤ គឺមានចំនួន៤៤២លាននាក់នាពេលបច្ចុប្បន្ន សម្រាប់ឆ្នាំ២០៣០ ដែលត្រូវបានគេប៉ានស្មានឲ្យដឹងថា មានចំនួនរហូតដល់ទៅ៥៥២លាននាក់»

វេជ្ជបណ្ឌិតជំនាញរូបនេះបន្តទៀតថា ជំងឺទឹកនោមផ្អែមកើតឡើង ដោយមិនប្រកាន់អាយុ ឬភេទនោះទេ គឺកើតឡើងដោយសារតែអ្នកជំងឺទាំងអស់នោះ មិនបានគ្រប់គ្រងជាតិស្ករ នៅក្នុងខ្លួនឲ្យបានត្រឹមត្រូវ ដែលធ្វើឲ្យបានការកើនឡើងនូវជាតិស្ករ នៅក្នុងសរសៃឈាម ដែលជាហេតុធ្វើឲ្យជំងឺកើតជំងឺសាហាវប្រភេទនេះ។

បន្ទាប់ពីកម្មវិធីពិនិត្យ និងព្យាបាលជំងឺ ឥតគិតថ្លៃប្រចាំខែវគ្គមុន សម្រាប់វគ្គនេះ មន្ទីរពេទ្យជោរៃ ភ្នំពេញ សហការជាមួយក្រុមហ៊ុនឱសថ DHG Pharma រៀបចំកម្មវិធី ពិនិត្យ និងព្យាបាល ជំងឺ ទឹកនោមផ្អែមកំរិត II និងអាហារូបត្ថម្ភ ឥតគិតថ្លៃសម្រាប់អ្នកជំងឺថ្មី ៥០នាក់ដំបូង ក្នុងរយៈពេល ១ថ្ងៃ ដោយវេជ្ជបណ្ឌិតឯកទេសវៀតណាម មានបទពិសោធន៍ខ្ពស់ មកពីមន្ទីរពេទ្យជោរៃ ទីក្រុងហូជីមិញ ប្រទេសវៀតណាម។

កម្មវិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនអ្នកជំងឺទឹកនោមផ្អែមកម្រិត២ នេះគឺជាកម្មវិធីមនុស្សធម៌ ដ៏មានអត្ថន័យរបស់មន្ទីរពេទ្យជោរៃភ្នំពេញ និងក្រុមហ៊ុនឱសថ DHG Pharma ចូលរួមចំណែកលើកកម្ពស់ សុខុមាលភាពជូនដល់ប្រជាពលរដ្ឋខ្មែរ ឱ្យមានឱកាសទទួលបាន ការថែទាំសុខភាព ប្រកបដោយគុណភាព ពីសំណាក់វេជ្ជបណ្ឌិត ឯកទេសវៀតណាម ដែលមានបទពិសោធន៍ខ្ពស់ រួមជាមួយសម្ភារៈបរិក្ខារពេទ្យទំនើប ដែលមានបំពាក់ នៅមន្ទីរពេទ្យជោរៃភ្នំពេញ។

ជាមួយគ្នានេះដែរ លោកស្រីវេជ្ជបណ្ឌិតបានបន្ថែមថា ផលប៉ះពាល់នៃជំងឺទឹកនោមផ្អែម បែងចែកជាពីរផ្នែកគឺ ទី១៖ ផលប៉ះពាល់ស្រេវស្រាវ គឺអ្នកជំងឺមានអការៈ ចុះឬឡើងជាតិស្ករខ្លាំង ហើមជើង រលាកសួត និងទី២៖ ផលប៉ះពាល់យូរអង្វែង ឬរ៉ាំរ៉ៃ អាចប៉ះពាល់ដល់សរសៃឈាម ស្ទះសរសៃឈាមក្នុងខួរក្បាល សរសៃប្រសាទធំ ភ្នែក ក្រលៀន សរសៃវិញ្ញាណ។

លោកស្រីវេជ្ជបណ្ឌិត ទ្រឹង ធីឡីវ ក៏បានណែនាំដល់អ្នកជំងឺ ចំពោះការព្យាបាលគឺត្រូវផ្ដោតសំខាន់ទៅលើការហូបចុកអាហារឲ្យបានត្រឹមត្រូវ និងមួយវិញទៀតគឺការហាត់ប្រាណ ដើម្បីធ្វើយ៉ាងណាឲ្យអ្នកជំងឺរក្សាគីឡូបានល្អ ក្នុងនោះអ្នកជំងឺត្រូវរក្សាសម្ពាធឈាម ជាតិខ្លាញ់ឲ្យបានល្អ ហើយការប្រើប្រាស់ថ្នាំជាជម្រើសចុងក្រោមសម្រាប់អ្នកជំងឺដែលកើតទឹកនោមផ្អែម៕