(ព្រះវិហារ)៖ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ បានថ្លែងថា ចាប់ពីម៉ោងនេះទៅ លែងមានការអប់រំណែនាំ លើអ្នកល្មើសច្បាប់ចរាចរណ៍ទៀតហើយ គឺអនុវត្តន៍ទៅតាមច្បាប់ម្តង។
ការថ្លែងបែបនេះរបស់លោក សំ លាងទ្រី ធ្វើឡើងបន្ទាប់ពីក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្ត សហការជាមួយនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ក៏ដូចជា មន្ត្រីអាវុធហត្ថខេត្ត ចុះអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកតាមដងផ្លូវនានា និងបានពិនិត្យឃើញថា អ្នកបើកបរមួយចំនួននៅតែ បើកបរដោយល្មើសច្បាប់ចរាចរណ៍។
លោកប្រធានមន្ទីរ បានឲ្យដឹងទៀតថា ដោយអនុវត្តន៍តាមការណែនាំរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ចូន ក៏ដូចជា ការណែនាំរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្ត បានដាក់កម្លាំងប្រចាំការទាំងយប់ទាំងថ្ងៃ ធ្វើការត្រួតពិនិត្យមើល មិនមានការធ្វេសប្រហែសនោះទេ។
លោក សំ លាងទ្រី បានបញ្ជាក់ទៀតថា ការត្រួតពិនិត្យរបស់មន្ត្រីឃើញថា រថយន្តមួយចំនួននៅតែបន្តដឹកសំពីងសំពោង រថយន្តបើកបរខ្វះឯកសារឫ ក៏ឯកសារក្លែងក្លាយ គ្មានបណ្ណបើកបរ និងរថយន្តគ្មានស្លាកលេខជាដើម។
លោកថាចំពោះរថយន្ត ដែលកែច្នៃខុសលក្ខណៈបច្ចេកទេស និងដឹកលើសទម្ងន់ ត្រូវបានកាត់ទ្រុងចោល និងរើអីវ៉ាន់ទម្លាក់ចោលនៅនឹងកន្លែង ទើបអនុញ្ញាតិឲ្យបន្តដំណើរទៅមុខទៀត។
ជាមួយគ្នានេះ លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលជាអ្នកបើកបរតាមដងផ្លូវ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ដើម្បីសុវត្ថិភាពរបស់ខ្លួនឯង និងអ្នកដទៃផងដែរ៕