(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ បានដឹកនាំកិច្ចប្រជុំប្រចាំខែ របស់គណៈបញ្ជាការឯកភាពខណ្ឌ ដោយមានការចូលរួមពីគណៈអភិបាល អធិការនគរបាលខណ្ឌ មេបញ្ជាការរង កងរាជអាវុធហត្ថខណ្ឌ ការិយាល័យនានាជុំវិញខណ្ឌ ចៅសង្កាត់ មេប៉ុស្តិ៍ និងស្មៀនសង្កាត់ទាំង១៣។
ថ្លែងក្នុងឱកាសនោះ លោកអភិបាលខណ្ឌ បានធ្វើការណែនាំដល់អង្គប្រជុំលើខ្លឹមសារសំខាន់ៗដូចជា ពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងមូលដ្ឋាន យកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព បង្ការ បង្ក្រាប និងលុបបំបាត់បទល្មើសនានា កុំឲ្យកើតមានឡើងក្នុងមូលដ្ឋាន ជាពិសេសល្បែងស៊ីសង និងគ្រឿងញៀន និងបន្តធ្វើការត្រួតពិនិត្យអាវុធជាតិផ្ទុះឲ្យបានជាប់ជាប្រចាំ។
បន្ថែមពីនេះ ត្រូវយកចិត្តទុកដាក់បម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងឆាប់រហ័ស ដូចជាសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រមរណភាព ជាដើម និងត្រូវមានក្រុមបដិសណ្ឋារកិច្ចប្រចាំការនៅសាលាសង្កាត់ ដើម្បីបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ។
ដោយឡែក ការងារអនាម័យបរិស្ថាន ត្រូវបានលោក នុត ពុធដារ៉ា ណែនាំឲ្យសម្អាតបានស្អាតជាប្រចាំតាមផ្លូវនានា ដោយតាមបណ្តាសង្កាត់ មានភ្នាក់ងារអនាម័យ និងតាមដានត្រួតពិនិត្យការប្រមូលសំរាមរបស់ ក្រុមហ៊ុន ស៊ុន ទ្រី ដោយសហការជាមួយការិយាល័យបរិស្ថានខណ្ឌ និងបន្តចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ លុបបំបាត់ការដាក់តាំងលក់អាណាធិបតេយ្យលើចិញ្ចើមផ្លូវសាធារណៈ ទាំងអស់ក្នុងមូលដ្ឋាន។
ជាមួយគ្នានេះ លោកអភិបាល បានណែនាំចំពោះការត្រួតពិនិត្យរថយន្តដឹកជញ្ជូនតទ្រុងខុសបច្ចេកទេស ដឹកលើសទម្ងន់ និងរថយន្តដឹកជញ្ជូនដីខ្សាច់ ដែលដឹកហូរធ្លាក់តាមផ្លូវ ត្រូវចាត់វិធានការតាមដានត្រួតពិនិត្យ និងឃាត់ទុកឲ្យបាន ហើយយកមករក្សាទុក ឲ្យសម្អាតផ្លូវឡើងវិញ ដោយពុំមានការផាកពិន័យឡើយ ដើម្បីជាការព្រមាន។
លោក នុត ពុធដារ៉ា បានអំពាវនាវសង្កាត់ទាំងអស់បន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋឲ្យបានត្រឹមត្រូវ ហើយបច្ចុប្បន្នរាជរដ្ឋាភិបាល បានអនុគ្រោះការបង់ពន្ធប្រថាប់ត្រា ដែលបានធ្វើការផ្ទេរសិទ្ធិច្រើនលើកមកហើយ ដោយបង់តែ១លើកចុងក្រោយ ហើយត្រូវផុតកំណត់នៅថ្ងៃទី៣១ ខែធ្នូ ខាងមុខនេះ ប្រសិនបើហួសពីនេះ នឹងត្រូវទទួលការពិន័យតាមផ្លូវច្បាប់៕