(សៀមរាប)៖ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ គណៈប្រតិភូកូរ៉េដឹកនាំដោយលោក Kwon Sagju នាយកផ្នែកផែនការ នៃមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ (KOCHEF) ចូលជួបសម្តែងការគួរសមជាមួយលោក ហង់ ពៅ អគ្គនាយករងអាជ្ញាធរជាតិអប្សរា ដើម្បីពិភាក្សាការងារបន្តលើគម្រោងអភិរក្សជួសជុលក្រុមប្រាសាទពិធូរ ដែលនឹងត្រូវបញ្ចប់ជំហានទី១ នៅចុងឆ្នាំ២០១៨ និងពិភាក្សាអំពីការអនុវត្តបន្តសម្រាប់ជំហានទី២ នៅឆ្នាំ២០១៩។
នៅក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរសន្យាពង្រឹងទំនាក់ទំនងល្អរវាងស្ថាប័ន KOCHEF និងអាជ្ញាធរជាតិអប្សរាឱ្យកាន់តែរឹងមាំ ពិសេសភាគីកូរ៉េបានថ្លែងអំណរគុណដល់អាជ្ញាធរជាតិអប្សរា ដែលអនុញ្ញាតឱ្យអ្នកជំនាញកូរ៉េបានចូលរួមក្នុងកិច្ចការអភិរក្ស និងជួសជុលប្រាសាទបុរាណខ្មែរក្នុងតំបន់អង្គរ និងបានរៀនសូត្របន្ថែមពីអាជ្ញាធរជាតិអប្សរា។
អាជ្ញាធរជាតិអប្សរា ក៏សូមថ្លែងអំណរគុណដល់មូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការល្អ និងបានបណ្តុះបណ្តាលជំនាញផ្សេងៗ ដល់អ្នកជំនាញខ្មែរទាំងក្នុង និងក្រៅប្រទេស នាពេលកន្លងមក។
ដោយឡែក ដើម្បីចែករំលែកនូវបទពិសោធន៍ល្អៗ ទាំងលើកិច្ចការអភិរក្ស និងការគ្រប់គ្រងរមណីយដ្ឋានបេតិកភណ្ឌពិភពលោក ភាគីទាំងពីរបានឯកភាពទៅលើកម្មវិធីបណ្តុះបណ្តាល នាពេលអនាគត ដោយផ្តោតលើប្រធានបទសំខាន់ៗ ដូចជា ជំនាញវិទ្យាសាស្ត្រអំពីការអភិរក្ស និងជួសជុលបេតិកភណ្ឌ និងការគ្រប់គ្រងទូទៅក្នុងតំបន់បេតិកភណ្ឌពិភពលោក។
គួររំឭកថា គម្រោងជួសជុលអភិរក្សក្រុមប្រាសាទព្រះពិធូរ បានចាប់ផ្តើមឡើងតាំងពីឆ្នាំ២០១៥ ហើយនឹងបញ្ចប់ជំហានដំបូងនៅចុងឆ្នាំ២០១៨៕