(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ សមត្ថកិច្ចនគបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគបាលរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យឈ្មោះ ចាន់ ទិត្យសិទ្ធិ ហៅ ពេជ្រ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបជាងជួសជុលអគ្គិសនី ជាប់ចោទពីបទចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ ទៅតុលាការដើម្បីចំណាត់ការតាមនីតិវិធី។

បើតាមការបញ្ជាក់របស់សមត្ថកិច្ច ដែលបញ្ចប់ការសាកសួរបានឱ្យដឹងថា ជនជាប់ចោទគ្រាន់តែប្រើរូបភាពគំរាមប៉ុណ្ណោះ មិនបានប្រើហិង្សាលើជនរងគ្រោះនោះទេ។ មូលហេតុដែលជនសង្ស័យធ្វើយ៉ាងនេះ ដោយសារចិត្តអន្ទះសារចង់ជួបចចារ ជាមួយប្រពន្ធដែលសុំលែងលះគ្នា ទើបកើតគំនិតនេះឡើង។ ទោះជាយ៉ាងណាក៏ដោយ សមត្ថកិច្ចបានត្រឹមកសាងឯកសារ ប៉ុន្តែការសម្រេចលើជនជាប់ចោទរូបនេះ ជាឆន្ទានុសិទ្ធរបស់តុលាការ លើការវិនិច្ឆ័យ។

គួររំឮកថា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ១៤៖០០នាទី កម្លាំងជំនាញរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យក្នុងបទល្មើសជាក់ស្តែង ដែលបានប្រព្រឹត្តបទល្មើស អំពើចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់។ ជនសង្ស័យរូបនេះ បានចាប់ក្មេងប្រុសឈ្មោះ ពិសី បូរ៉ា អាយុ១១ឆ្នាំ ដើម្បីបង្ខាំងទុកគំរាមសម្លាប់ ដែលបានប្រព្រឹត្តនៅចំណុច ផ្ទះជួលគ្មានលេខ ផ្លូវលំ ក្រុម៣ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១៩៖៣០នាទី ក្រោយទទួលបានបណ្តឹងនិងចាប់យកវត្ថុតាង ទើបនាំកុមារាឈ្មោះ ពិសី បូរ៉ា ជាកូនរបស់ដើមបណ្តឹងបញ្ជូនមកកាន់ការិយាល័យ ដើម្បីធ្វើការសាកសួរ។ វត្ថុតាងចាប់យកជាមធ្យោបាយ ធ្វើសកម្មភាពរួមមាន៖ ម៉ូតូម៉ាកយ៉ាម៉ាហា Exciter ពណ៌ក្រហមខ្មៅ ពាក់ស្លាកលេខ កំពង់ចាម១J-៥៥១២, ម៉ូតូម៉ាក Pulsaz ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ១-FR-២៦៩១, ទូរសព្ទ័ដៃម៉ាក Samsung ពណ៌ទឹកមាស ស៊ីមកាតលេខ ០៨៧២៩២៩៤៨។

ជនសង្ស័យ និងវត្ថុតាងពាក់ពន្ធ័ករណីខាងលើ ត្រូវបានការិយាល័យកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ ចំណែកកុមារាឈ្មោះ ពិសី បូរ៉ា ការិយាល័យប្រគល់ជូនម្តាយយកទៅគ្រប់គ្រងបន្តវិញ៕