(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ និងជាក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជម្រាបជូនដណឹងដល់សាធារណជន ពិសេសប្អូនៗសិស្សានុសិស្ស ដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំ២០១៨ថា ដើម្បីចូលរួមចំណែកកាត់បន្ថយការចំណាយ និងលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលបានប្រឡងជាប់សញ្ញាបត្រទាំង២កម្រិតក្នុងឆ្នាំ២០១៨ រដ្ឋបាលខណ្ឌប្ញស្សីកែវ បានសម្រេចលើកលែងការបង់តម្លៃសេវាទាំងនេះ។
ការសម្រេចនេះមានសុពលភាពត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ នេះបើយោងតាមលិខិត នៃសេចក្ដីជូនដំណឹងដែលភ្នាក់ងារ Fresh News ទទួលបាននៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ ស្ដីពីការលើកលែងបង់ថ្លៃសេវាលើការបញ្ជាក់វិញាបនបត្របណ្ដោះអាសន្ន មធ្យមសិក្សាបឋមភូមិ វិញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិ និងវិញាបនបត្របញ្ជាក់ការសិក្សាថ្នាក់ទី១២ ឆ្នាំ២០១៨ របស់រដ្ឋបាលខណ្ឌឬស្សីកែវ៕