(ហាណូយ, វៀតណាម)៖ នៅក្នុងជំនួបទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ង្វៀន សួនហ្វុក នាយករដ្ឋមន្ត្រី វៀតណាម បានពិភាក្សាយ៉ាងយកចិត្តទុកដាក់ ទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលនឹងត្រូវចុះហត្ថលេខានៅពេលខាងមុន។
នៅក្នុងជំនួបនោះ ប្រមុខដឹកនាំ នៃប្រទេសកម្ពុជា-វៀតណាម ក៏បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅការខិតខំបន្តថែរក្សាការពារសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍសម្រាប់ប្រទេសទាំងពីរ ពិសេសការការពារសន្តិភាព ស្ថេរភាព សន្តិសុខ នៅតាមតំបន់ព្រំដែន នៃប្រទេសទាំងពីរ សំដៅប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់អភិវឌ្ឍ ការសម្រួលពាណិជ្ជកម្មឆ្លងដែន ទេសចរណ៍ អប់រំ កីឡា សុខាភិបាល និងការតភ្ជាប់រវាងប្រជាជ និងប្រជាជន។ ភាគីទាំងពីរ ក៏បានឯកភាពគ្នាក្នុងការឈានទៅបោះបង្គោលព្រំដែនឲ្យបានរួចរាល់ផងដែរ។
ជំនួបប្រមុខដឹកនាំកម្ពុជា-វៀតណាម បានធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញមកចូលរួមវេទិការសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ានលើកទី២៧ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
មេដឹកនាំនៃប្រទេសទាំងពីរ ក៏បានរិះរកគ្រប់មធ្យោបាយ ក្នុងជំរុញកំណើនពាណិជ្ជកម្ម ឲ្យបានសម្រេចតាមគោលដៅ ដែលមេដឹកនាំទាំងពីរចង់បាន។ ទន្ទឹមនឹងនេះ មេដឹកនាំកម្ពុជា-វៀតណាម ក៏បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើទំនាក់ទំនងទ្វេភាគី ពហុភាគី តំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា។ សម្តេចតេជោ ក៏បានអបអរសាទរ ចំពោះទិវាជ័យជម្នះ២កញ្ញា របស់ប្រទេសវៀតណាមផងដែរ។
លោកនាយករដ្ឋមន្រ្តីវៀតណាម បានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ពីការយាងព្រះមហាក្សត្រកម្ពុជា និងសម្តេចម៉ែ យាងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសវៀតណាម ក្នុងឆ្នាំ២០១៩ខាងមុខ។ សម្តេចតេជោ បានទទួលយកនូវការអញ្ជើញ បំពេញទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម ក្នុងពេលខាងមុខ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម កម្ពុជា-វៀតណាមផង។
ជាមួយគ្នានេះ លោក ង្វៀន សួនហ្វុក បានចាត់ទុកថា វត្តមានរបស់សម្តេចតេជោ បានផ្តល់នូវសារសំខាន់ខ្លាំងណាស់ ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ពិសេសសុន្ទរកថារបស់សម្តេច ក្នុងពិធីបើកវេទិកាសេដ្ឋកិច្ចពិភពលោក និងបទអន្តរាគមន៍ក្នុងកិច្ចប្រជុំកំពូលពេញអង្គ ស្តីពីចក្ខុវិស័យថ្មីសម្រាប់តំបន់មេគង្គ គឺពិតជាមានអត្ថន័យ និងខ្លឹមសារយ៉ាងជ្រាលជ្រៅបំផុត ពិសេសផ្តល់នូវសារសំខាន់ខ្លាំងណាស់ សម្រាប់តំបន់អាស៊ាន និងប្រទេសក្នុងតំបន់មេគង្គ។
សម្តេចតេជោ បានមានប្រសាសន៍ថា សម្តេចពិតជាមានការសប្បាយរីករាយ ក្នុងការបន្តធ្វើការជាមួយបណ្តាមេដឹកនាំទាំងអស់ របស់អាស៊ាន ដើម្បីបន្តបេសកកម្មរបស់ ក្នុងការកសាងសហគមន៍អាស៊ានកាន់តែរឹងមាំ និងរីកចម្រើនទៅមុខទៀត៕