(ហាណូយ, វៀតណាម)៖ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅទីក្រុងហាណូយ ប្រទេសវៀតណាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក រ៉ានីល វីក្រេម៉េស៊ីង្ហ (Ranil Wickremesighe) នាយករដ្ឋមន្រ្តីស្រីលង្កា ខណៈមេដឹកនាំទាំង២ បាននិងកំពុងចូលរួមកិច្ចប្រជុវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីនោះ។
ក្នុងជំនួបពិភាក្សាគ្នានោះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចធ្លាប់អញ្ជើញទៅប្រទេសស្រ៊ីលង្កាកាលពីឆ្នាំ១៩៧៩ ក្នុងឋានៈជារដ្ឋមន្រ្តីការបរទេស ហើយពេលនោះ ស្ថានភាព នៃប្រទេសទាំងពីរមានស្ថានភាពដូចគ្នា ពោលគឺយើងមិនទាន់អាចធ្វើកិច្ចសហការគ្នាបាន។
តាមរយៈជំនួបនៅពេលនេះ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យភាគីស្រីលង្កា តាមរយៈក្រសួងការបរទេស នៃប្រទេសទាំងពីរ ធ្វើការសហការគ្នាក្នុងការជំរុញទំនាក់ ទំនងលើវិស័យទេសចរណ៍ និងវិស័យផ្សេងៗទៀត ដែលមានសក្តានុពលដូចគ្នា។
សម្តេចក៏បានឆ្លើយតបតាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីស្រីលង្កា ក្នុងការអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសស្រ៊ីលង្កា ក្នុងពេលដ៏ខ្លីខាងមុខ។ ក្នុងជំនួបពិភាក្សាគ្នានោះដែរ មេដឹកនាំទាំងពីរ ក៏បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើកការជំរុញទំនាក់ទំនងទ្វេភាគី ពហុភាគី តំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា។
នៅថ្ងៃដដែលនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានអញ្ជើញជួបពិភាក្សាជាមួយឯកឧត្តមសាស្រ្តាចារ្យ ក្លោស៍ ស្វាប់ ស្ថាបនិក និងជានាយកប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក។
ក្នុងជំនួបពិភាក្សាគ្នានោះ លោកសាស្រ្តាចារ្យ មានប្រសាសន៍ស្វាគមន៍ជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងហាណូយ ប្រទេសវៀតណាម។
សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ សំដែងនូវការរីករាយដែលបានអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចជាថ្មីនៅប្រទេសវៀតណាម ដែលបានធ្វើការផ្លាស់ប្តូរទស្សនះប្រកបដោយផ្លែផ្កា។ ជាមួយគ្នានេះ សម្តេចស្នើសុំឲ្យនាយករូបនេះ ធ្វើការចែកចាយនូវឯកសារ ដ៏មានសារសំខាន់នេះលើប្រធានបទសម្រាប់ពិភពលោកទាំងមូល។
លោកសាស្រ្តាចារ្យសង្ឃឹមថា នឹងអញ្ជើញសម្តេចតេជោ ហ៊ុន សែន ចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ដែលទាក់ទិនទៅនិងវិស័យកសិកម្ម ដែលកម្ពុជាកំពុងមាន សក្តានុពល ក្នុងកិច្ចពិភាក្សាគ្នានោះដែរ។ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានលើកឡើងពី បរិបទ នៃបដិវត្តន៍ឧស្សាហកម្មទី៤ ដែលកម្ពុជាក៏ដូចជាប្រទេសនានា ក្នុងតំបន់កំពុងមានការចាប់អារម្មណ៍ និងមានការយកចិត្តទុកដាក់ដូចគ្នា៕