(រតនគិរី)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ បានចេញសេចក្តីប្រកាសផ្លាស់ប្តូរអធិការនគរបាលថ្មីស្រុកអូរយ៉ាដាវ ខេត្តរតនគីរី ដោយលោក សូយ សំណាង ត្រូវបានតែងតាំងជាអធិការថ្មីជំនួសលោក ម៉ៅ សាន់ ដែលត្រូវបានតម្លើងទៅជាស្នងការរងនគរបាលទទូលផែនសន្តិសុខ។
ប៉ុន្តែរហូតមកដល់ពេលនេះទៅហើយ ថ្នាក់ដឹកនាំខាងលើ នៅតែមិនទាន់បានធ្វើពិធីប្រកាសផ្លាស់ប្តូរជាផ្លូវការទៀត ដោយមិនទាន់ដឹងមូលហេតុនៅឡើយ។
តាមសេចក្តីប្រកាសស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនគរបាលជាតិ របស់សម្តេចក្រឡាហោម ស ខេង ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ បានសម្រេចឲ្យលោកវរសេនីយ៍ទោ ម៉ៅ សាន់ អត្តលេខ០២៨៦៩ ពីអធិការនគរបាលស្រុកអូរយ៉ាដាវ ទៅជាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដោយឡែក លោកវរសេនីយ៍ទោ សូយ សំណាង អត្តលេខ៥៥៣៥២ ពីនាយការិយាល័យសន្តិសុខផ្ទៃក្នុង នៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យ ទៅជានគរបាលស្រុកអូរយ៉ាដាវ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីវិញ។
ប៉ុន្តែបើគិតមកដល់បច្ចុប្បន្ននេះមានរយៈពេលជិត០១ឆ្នាំហើយ ការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រីនគរបាលខាងលើ មិនទាន់ត្រូវបានរៀបចំជាផ្លូវការនៅឡើយទេ ដោយមិនដឹងមូលហេតុអ្វី។
ទាក់ទិនទៅនឹងការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនេះដែរ លោកវរសេនីយ៍ទោ សូយ សំណាង បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះថា រូបលោកត្រៀមខ្លួនរួចរាល់ហើយរង់ចាំបទបញ្ជាថ្នាក់លើ។ ដោយឡែកលោកឧត្តមសេនីយ៍ទោ ងួន គឿន ស្នងការនគរបាលខេត្តរតនគិរី មិនអាចសុំការបំភ្លឺបានទេ នៅព្រឹកថ្ងៃដដែលនេះ៕