(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ បានចោទលោក សួង សោភ័ណ្ឌ ប្រធានស្តីទីគណបក្សអំណាចខ្មែរថា បានធ្វើលិខិតក្លែងក្លាយ និងបង្ខំសមាជិកគណបក្សឱ្យចុះហត្ថលេខាព្រមទទួលស្គាល់លើលិខិតនេះ ដើម្បីគ្រប់គ្រងគណបក្សអំណាចខ្មែរទាំងមូលតែម្តងឯង។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ អតីតប្រធានគណបក្សអំណាចខ្មែរ ដែលចេញពីពន្ធនាគារកាលពីពេលថ្មីៗនេះ បានអះអាងថា បន្ទាប់ពីលោក សួង សោភ័ណ្ឌ ដឹកនាំគណបក្សអំណាចខ្មែរ រយៈពេលជិត១ឆ្នាំមកនេះ មិនដែលធ្វើសកម្មភាពអ្វីដើម្បីឱ្យគណបក្សមានការរីកចម្រើន ជាពិសេសលោក សួង សោភ័ណ្ឌ គឺដេកឱបគណបក្សដែលផ្ទុយស្រឡះក្រោមការដឹកនាំរបស់លោកកាលពីមុន។ ជាងនេះទៅទៀត សូម្បីតែស្លាកគណបក្សមួយផ្ទាំង ក៏ប្រធានស្តីទីគណបក្សរូបនេះ មិនបានលើកផងដែរ។
លោ សួន សេរីរដ្ឋា បានថ្លែងយ៉ាងដូច្នេះ៖ «ទាក់ទងទៅនឹងលិខិតក្លែងក្លាយមួយសន្លឹកទៀត លិខិតក្លែងក្លាយមួយសន្លឹកទៀត គឺសួង សោភ័ណ្ឌ គាត់បានបង្ខំឱ្យសមាជិកដែលធ្វើការ នៅក្នុងគណបក្សអំណាចខ្មែរ រៀបចំធ្វើលិខិតក្លែងក្លាយមួយដើម្បីបញ្ជាក់ថាខ្ញុំលាលែងតំឡែងពីប្រធានបក្ស ហើយបានឱ្យ Copy កាត់តហត្ថលេខារបស់ខ្ញុំដាក់លើលិខិតក្លែងក្លាយ នេះផ្សាយតាមប្រព័ន្ធសង្គមជាសាធារណៈ»។
លោក សួន សេរីរដ្ឋា បានបន្តថា លោក សួង សោភ័ណ្ឌ ក៏ធ្លាប់ឆ្លើយប្រាប់ក្រុមអ្នកសារព័ត៌មានថា ប្រធានគណបក្សអំណាចខ្មែរ (សួន សេរីរដ្ឋា) បានលាលែងពីប្រធានបក្ស ប៉ុន្តែផ្ទុយទៅវិញគឺលោកមិនដែលបានប្រកាសលាលែងពីប្រធានគណបក្សនោះទេ ប៉ុន្តែលោកបានចុះហត្ថលេខាផ្ទេរសិទ្ធិឱ្យលោក សួង សោភ័ណ្ឌ ធ្វើជាប្រធានស្តីទីគណបក្ស ដោយឡែកចំពោះលិខិតប្រកាសលាលែងនេះ ជាលិខិតក្លែងក្លាយ។
លោក សួន សេរីរដ្ឋា បានបន្ថែមទៀតថា រីឯមនុស្សមួយចំនួនដែលបានចូលរួមក្នុងសមាជលើកទីលើក១ របស់គណបក្សអំណាចខ្មែរជាមួយលោក សួង សោភ័ណ្ឌ ដែលបានសរសេរថាពួកគេជាសមាជិកអចិន្ត្រៃយ៍របស់គណបក្ស គឺមិនពិតទេលោកសូមបដិសេធយ៉ាងដាច់ខាត ព្រោះមនុស្សទាំងអស់នេះ ថានៅក្នុងអាណត្តិដឹកនាំរបស់លោកអ្នកនាំនោះ គឺគ្មានឈ្មោះគ្មានតួនាទីនៅក្នុងគណបក្សនោះទេ។
អតីតប្រធានគណបក្សអំណាចខ្មែររូបនេះ ទទូចស្នើសុំសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឱ្យចាត់វិធានការឱ្យបានតឹងរឹងចំពោះបញ្ហាផ្លូវច្បាប់ ដើម្បីធ្វើការពិនិត្យកោសល្យវិច្ឆ័យទៅលើលិខិតលាលែងរបស់លោក មិនដែលបានចុះហត្ថលេខាទាល់តែសោះ រួមទាំងប្រវត្តិរូបរបស់មនុស្សមួយចំនួនដែលលោក សួង សោភ័ណ្ឌ បានដាក់បញ្ចូលជាសមាជិកអចិន្ត្រៃយ៍របស់គណបក្សអំណាចខ្មែរ ប៉ុន្តែគ្មាននៅក្នុងបញ្ជីដើមសម្រាប់សមាជទីលើក១ របស់គណបក្ស។
លោក សួន សេរីរដ្ឋា បានសង្កត់ធ្ងន់ៗថា ដូច្នេះទាំងនេះគឺជាការឆបោក មិនមែនបោកតែសមាជិកគណបក្សនោះទេ គឺបោកប្រាស់ក្រសួងមហាផ្ទៃ តែម្តង បោកប្រាស់រាជរដ្ឋាភិបាល និងសូមឱ្យចាត់ការតាមផ្លូវច្បាប់ជាចំហរចំពោះជនខិលខួច ដើម្បីធានាថាប្រទេសកម្ពុជារបស់យើង ជាប្រទេសដែលអនុវត្តច្បាប់ និងមាននីតិរដ្ឋ៕