(ភ្នំពេញ)៖ លោក កឺ ឈួនបាវ (Mr.Ge Chuanbao) នាយកប្រតិបត្តិក្រុមហ៊ុនសៀងហៃគួស៊ីគ្រុប (Sang Hai Guo Zhou Group) របស់ចិន បានប្រាប់សម្តេច ហេង សំរិន ប្រធានរដ្ឋសភាថា ប្រទេសកម្ពុជាគឺជាគោលដៅអាទិភាពមួយដ៏សំខាន់ ក្នុងបណ្តាគោលដៅអាទិភាពផ្សេងៗ សម្រាប់ធ្វើការវិនិយោគ។

វិនិយោគិនចិនរូបនេះ បានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសដែលសម្ដេច ហេង សំរិន បានអនុញ្ញាតឲ្យលោក ចូលជួបសម្តែងការគួរសម និងសវនាការ នៅវិមានរដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីជំនួបត្រូវបានបញ្ចប់ លោក កែវ​​ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេច ហេង សំរិន បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រុមហ៊ុនស៊ាងហៃគួស៊ីគ្រុប​ បានបណ្តាក់ទុននៅបណ្តាប្រទេសជាច្រើន រួមមានសិង្ហបុរី ប្រទេសថៃ និងប្រទេសផ្សេងៗ នៅក្នុងអាស៊ាននេះ ដែលមានទឹកប្រាក់ទំហំប្រមាណជា ១,៦ពាន់លានដុល្លារ ហើយការវិនិយោគរបស់ក្រុមហ៊ុន គឺស្ពាន ផ្លូវថ្នល់ លើវិស័យអចលនទ្រព្យ និងអគារពាណិជ្ជកម្ម។ លោក [នាយកប្រតិបត្តិក្រុមហ៊ុនស៊ាងហៃគួស៊ីគ្រុប] ចាត់ទុកថា កម្ពុជាជាគោលដៅអាទិភាពមួយ ក្នុងបណ្តាគោលដៅអាទិភាពផ្សេងៗទៀតរបស់ក្រុមហ៊ុន ក្នុងការបន្តការវិនិយោគ»

លោក កែវ ពិសិដ្ឋ បានថ្លែងបន្តថា លោក កឺ ឈួនបាវ បានសង្ឃឹមថា គម្រោងវិនិយោគរបស់ក្រុមហ៊ុនសៀងហៃគួស៊ីគ្រុប នៅកម្ពុជា នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន និងបង្កើននូវការងារធ្វើសម្រាប់ប្រជាជនកម្ពុជា។ ក្រៅពីនេះ ការវិនិយោគក្រុមហ៊ុនដ៏ធំមួយនេះ ក៏នឹងបង្កើននូវប្រាក់ចំណូល ដែលបានមកពីការយកពន្ធ ចូលមកក្នុងថវិកាជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែ។

លោក​ កែវ​​ ពិសិដ្ឋ បានឲ្យដឹងទៀតថា នាយកប្រតិបត្តិក្រុមហ៊ុនសៀងហៃគួស៊ីគ្រុប ក៏បានសង្ឃឹមអំពីការវិនិយោគរបស់ក្រុមហ៊ុនលោក នឹងបានរួមវិភាគទានយ៉ាងសំខាន់ នៅក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកក៏បានស្នើសុំការគាំទ្រពីសម្តេច ហេង សំរិន ចំពោះគម្រោងរបស់លោកនៅកម្ពុជាផងដែរ។

សម្តេច ហេង សំរិន បានឯកភាពចំពោះលោកប្រធានប្រតិបត្តិរបស់ក្រុមហ៊ុនសៀងហៃគួស៊ីគ្រុប។ សម្តេចបន្តថា កម្ពុជា-ចិន ជាប្រទេសមិត្តជិតស្និទ្ធ ដែលមានទំនាក់ទំនងជាមួយគ្នាយូរណាស់មកហើយ ដែលបច្ចុប្បន្នប្រទេសទាំងពីរក៏បានរក្សាទំនាក់ទំនងគ្នា កាន់តែមានភាពខ្លាំងឡើងៗ និងមានការជឿជាក់គ្នាទៅវិញទៅមក ការគាំទ្រគ្នាទៅវិញទៅមកគ្រប់កាលៈទេសៈ។

សម្តេចប្រធានរដ្ឋសភាកម្ពុជា បានថ្លែងបន្តថា ប្រទេសក​ម្ពុជាបច្ចុប្បន្នមានសុខសន្តិភាព និងស្ថិរភាពនយោបាយល្អប្រសើរ និងមានកំណើនម៉ាក្រូសេដ្ឋកិច្ចល្អ។ សម្តេចបន្តទៀតថា ទិសដៅតែមួយគត់របស់កម្ពុជា ធ្វើយ៉ាងណាជំរុញសេដ្ឋកិច្ច ឲ្យមានការរីកចម្រើនខ្លាំងក្លាបន្ថែមទៀត។ ទាំងរដ្ឋសភា ទាំងរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ ជំរុញការវិនិយោគផ្ទាល់ពីបរទេសលើគ្រប់វិស័យ។ សម្តេចបានចាត់ទុកថា ការវិនិយោគផ្ទាល់ពីបរទេស មានសារសំខាន់ណាស់ក្នុងការចូលរួមអភិវឌ្ឍកម្ពុជា ឲ្យបានការរីកចម្រើន ជាពិសេសប្រទេសចិន។

នាយកខុទ្ទកាល័យសម្តេច ហេង សំរិន បានបញ្ជាក់បន្ថែមថា «សម្តេចបានចាត់ទុកថា ប្រទេសចិនជាដៃគូវិនិយោគ ដ៏មានសក្តានុពលរបស់កម្ពុជា ដែលបច្ចុប្បន្នទុនវិនិយោគចិននៅកម្ពុជា មានប្រមាណជា១៦ពាន់លានដុល្លារ...។ ក្រោមគំនិតផ្តួចផ្តើម ផ្លូវមួយខ្សែក្រវ៉ាត់មួយ របស់សាធារណរដ្ឋប្រជាមានិតចិន ផ្សារភា្ជប់ជាមួយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្នុងគោលដៅអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា បានជំរុញឲ្យមានលំហូរចូលច្រើន គឺការវិនិយោគចិននៅកម្ពុជា»