(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានថ្លែងថា នៅពេលដែលប្រទេសជាតិមានសុខសន្តិភាព ទោះនៅទីណាក៍យើងអាចធ្វើការអភិវឌ្ឍបានដែរ។ លោកអភិបាលខេត្ត បានលើកឡើងយ៉ាងដូចនេះ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលលោក រួមជាមួយប្រធានក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការជាច្រើនរូប អញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ព្រះវិហារវត្តគោកបេង ស្ថិតក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
លោក អ៊ុន ចាន់ដា បានលើកឡើងបន្តថា ដោយសារតែប្រទេសមានសុខសន្តិភាពបែបនេះហើយ ទើបធ្វើឱ្យយើងបានជួបជុំគ្នាធ្វើបុណ្យទានផ្សេងៗ និងកម្មវិធីជួបជុំដ៏ទៃទៀតបាន ប៉ុន្តែបើប្រទេសគ្មានសុខសន្តិភាពទេ យើងក៏មិនបានជួបជុំគ្នាដូចពេលនេះបានដែរ។
ជាមួយគ្នានោះ លោកបានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ លោកយាយ លោកតា ដែលបានអញ្ជើញទៅចូលរួមបោះឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជា រហូតទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់ ធ្វើឱ្យសម្តេចតេជោ ហ៊ុន សែន ក្លាយជានាយករដ្ឋមន្ត្រីនៅអាណត្តិទី៦នេះ ដើម្បីឱ្យសម្តេចបានដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកសុខសន្តិភាព និងការអភិវឌ្ឍថែមទៀត។
លោក អ៊ុន ចាន់ដា បានលើកឡើងទៀតថា គោលនយោបាយនៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៦នេះ គឺបានដាក់ចេញហើយ ដោយមានវិស័យអាទិភាព៤ គឺទី១៖ វិសយ័ធនធានមនុស្ស ទី២៖ វិស័យផ្លូវថ្នល់ ទី៣៖ វិស័យប្រពន្ធ័ធារាសាស្ត្រ ទី៤៖ វិសយ័អគ្គិសនី ដែលវិស័យទាំង៤នេះ សុទ្ធតែជាវិស័យសំខាន់ៗ សម្រាប់ការអភិវឌ្ឍ និងសម្រាលជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។
ជាមួយគ្នានោះ លោក អ៊ុន ចាន់ដា ក៏បានថ្លែងអំណរព្រះគុណ ចំពោះព្រះតេជគុណមេគុណខេត្ត ដែលបានផ្តួចផ្តើមកសាងព្រះវិហារដ៏ធំស្កឹមស្កៃនេះ ដែលអាចនិយាយបានថា ជាព្រះវិហារមួយដែលមិនមានខេត្តណាអាចធ្វើដូចនោះទេ ហើយលោកក៏បានថ្លែងនូវការអរគុណចំពោះពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានចូលឧបត្ថម្ភជាប្រាក់កាសក្នុងកាកសាងព្រះវិហារនេះ ដើម្បីទុកតំកល់ក្នុងវិសយ័ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។
នៅក្នុងឱកាសនោះដែលោក អ៊ុន ចាន់ដា ក៍បានចូលរួមកសាងចំនួន៥លានរៀល លោកឧត្តមសេនីយ៍ទោចន្ទ័ សុភក្ត្រ័ា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ចូលរួមកសាងចំនួន១២០០,០០០រៀលផងដែរ៕